ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃពុធទី២៧ ខែតុលា ឆ្នាំ២០២១នេះ បានឱ្យដឹងថា៖ កាលពីដើមសប្តាហ៍នេះក្រុមហ៊ុន Mozilla បានប្រកាសថា បានបិទការទាញយកកម្មវិធីបន្ថែម (Firefox add-ons) ចំនួន២ បន្ទាប់ពីក្រុមហ៊ុនបានរកឃើញថាកម្មវិធីទាំងនោះមានបង្កប់មកជាមួយនូវមុខងារដែលអាចរាំងខ្ទប់ការធ្វើបច្ចុប្បន្នភាពកម្មវិធី។
កម្មវិធីទាំងពីរនោះមានឈ្មោះថា Bypass និង Bypass XM ហើយត្រូវបានអ្នកប្រើប្រាស់ទាញយកចំនួនប្រមាណ ៤៥៥ ០០០ ដងរហូតមកដល់ពេលបច្ចុប្បន្ននេះ។ បន្ថែមពីលើការទប់ស្កាត់មិនឱ្យអ្នកប្រើប្រាស់ផ្សេងទៀតអាចដំឡើងកម្មវិធីទាំងនោះ Mozilla ក៏កំពុងផ្អាកលើការយល់ព្រមសម្រាប់កម្មវិធីបន្ថែមថ្មីដែលប្រើ Proxy API រហូតទាល់តែក្រុមហ៊ុនធ្វើការកែសម្រួលបញ្ហានេះ ព្រោះការផ្លាស់ប្ដូរនៅក្នុង Proxy API អាចឱ្យជនខិលខូចគ្រប់គ្រងពីរបៀបកម្មវិធី Firefox ភ្ជាប់ទៅអុីនធឺណិតបាន។
ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា ក្រុមហ៊ុនក៏បានធ្វើការណែនាំឱ្យអ្នកប្រើប្រាស់លុបចោលកម្មវិធីចេញពីកុំព្យូទ័រប្រសិនបើពួកគេបានបញ្ចូលកម្មវិធីនេះដោយចូលទៅក្នុង Add-ons ហើយធ្វើការស្វែងរកពាក្យ “Bypass” ឬ “Bypass XM”៕
ដោយ៖សហការី