ខេត្តបាត់ដំបង៖ ទីបំផុតចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ(ACU)ម្នាក់ ដែលជាខ្មាន់កាំភ្លើងម្នាក់ បន្ទាប់ពីធ្វើសកម្មភាពវាយក្បាលបុរសម្នាក់ឱ្យបែកឈាម និងបាញ់គំរាមជាច្រើនគ្រាប់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន កាលពីរសៀលថ្ងៃទី ២៦ តុលាម្សិលមិញនេះ ខណៈដែលតំណាងអយ្យការ បានចោទប្រកាន់ជនជាន់ចោទចំនួន០២បទល្មើស គឺពីបទ«ប៉ុនប៉ងឃាតកម្ម និង ប្រើប្រាស់អាវុធដោយគ្មានការអនុញាត»។ នេះបេីយោងតាមប្រភពព័ត៌មានពីមន្រ្តីសាលាដំបូងខេត្តបាត់ដំបង បានឱ្យដឹងនៅថ្ងៃពុធទី២៧ ខែតុលា ឆ្នាំ២០២១។
សូមជម្រាបថា បេីយោងតាមប្រភពព័ត៍មានពីមន្រ្តីកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឱ្យដឹងថា កម្លាំងជំនាញបានចាប់ឃាត់ខ្លួនមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ(ACU)ម្នាក់ ដែលជាខ្មាន់កាំភ្លើងម្នាក់ បន្ទាប់ពីធ្វើសកម្មភាពវាយក្បាលបុរសម្នាក់ឱ្យបែកឈាម និងបាញ់គំរាមជាច្រើនគ្រាប់ កាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ តុលា នៅក្នុងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
មន្ត្រីអាវុធហត្ថខេត្ត បានឱ្យដឹងទៀតថា ជនសង្ស័យខាងលេីនេះមានឈ្មោះ ឆាយ សេរីបុត្រ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ( ACU ) រស់នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មន្រ្តីដដែលបន្តថា ការឃាត់ខ្លួនមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយរូបនេះ ដោយយោងតាមបណ្ដឹងជនរងគ្រោះម្នាក់ឈ្មោះ រ៉ុម ចន្ថា ប្រុសអាយុ២៥ឆ្នាំ មុខរបរយោធា រស់នៅភូមិអូរដាលើ ឃុំបេងរាំង ស្រុកកំរៀង។ ដែលបានប្ដឹងចោទប្រកាន់ថា ខ្មាន់កាំភ្លើងរូបនេះ បានដកកាំភ្លើងខ្លីវាយក្បាលខ្លួន ហើយថែមទាំងបាញ់គំរាមទៀត។ តាមការបំភ្លឺខ្លះៗ ដែលត្រូវបានគេដកស្រង់សំដីយ៉ាងខ្លី ម្ចាស់បណ្ដឹងឈ្មោះ រ៉ុម ចន្ថា បាននិយាយប្រាប់សមត្ថកិច្ចថា អំពើហឹង្សារដ៏ឃោឃៅរវាងខ្លួនជាមួយឈ្មោះ ឆាយ សេរីបុត្រ នេះ គឺផ្ដើមចេញពី«ជម្លោះពាក្យសំដីនៅក្នុងវង់ផឹកស៊ី»។
មន្រ្តីកងរាជអាវុធហត្ថខេត្ត បានបន្តទៀតថា ក្រោយទទួលបណ្ដឹងនេះ កម្លាំងកងរាជអាវុធហត្ថស្រុកកំរៀង ក៏បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យភ្លាមៗ ពីបទ«ប៉ុនប៉ងឃាតកម្ម»។
គួរបញ្ជាក់ថា បើយោងការស្រាវជ្រាវបឋមរបស់មន្រ្តីកងរាជអាវុធហត្ថ ចំពោះជនដៃដល់បានដកកាំភ្លើងខ្លីវាយជនរងគ្រោះបែកក្បាល រួចហើយក៏បានបាញ់ចំនួន០៥ ថែមទៀត ដេីម្បីគំរាមជនរងគ្រោះផងដែរ។
បច្ចុប្បន្នជនជាប់ចោទឈ្មោះ ឆាយ សេរីបុត្រ ដែលជាមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ( ACU ) ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្ត ដេីម្បីចាត់ការតាមច្បាប់៕
ដោយ៖សហការី