ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋដែលមានទីលំនៅក្នុងសង្កាត់គយត្របែកក្រុងស្វាយរៀងអបអសាទរនិងមានចិត្តសប្បាយរីករាយបន្ទាប់ពីបានផ្លូវបេតុងអាមេ ប្រមាណជិត៣០០ម៉ែត្រងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់។
ជាក់ស្ដែង លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង បានចុះពិនិត្យការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ដែលស្ថិតនៅភូមិតារាងបាល់ និងភូមិគយត្របែក សង្កាត់គយត្របែក ក្រុងស្វាយរៀង។
ការចុះពិនិត្យនេះធ្វើឡើងនាព្រឹកថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ដោយមានការចូលរួមពីសំណាក់ លោក សៀង សិទ្ធ ជំនួយការបច្ចេកទេសឃុំ និងសង្កាត់ លោកប្រធានការិយាល័យផែនការ និងគាំទ្រសង្កាត់លោកមន្ត្រីបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធខេត្តប្រចាំក្រុងស្វាយរៀង និងលោកចៅសង្កាត់គយត្របែក។
លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង បានឱ្យដឹងថាផ្លូវបេតុងអាមេ នេះគឺមាន ប្រវែង ២៧២ម៉ែត្រ ទទឹង ៥ម៉ែត្រ ស្ថិតនៅសង្កាត់គយត្របែក ក្រុងស្វាយរៀងដែល ជាគម្រោងប្រេីប្រាស់មូលនិធិសង្កាត់ឆ្នាំ២០២១ ។
លោកបន្តថា សូមឱ្យប្រជាពលរដ្ឋក្នុងសង្កាត់គយត្របែកពេលដែលបានផ្លូវបេតុងអាមេ មួយខ្សែនេះហើយត្រូវចេះថែររក្សាប្រើប្រាស់ឱ្យបានយូរអង្វែងព្រោះវាជាសម្បត្តិរួមរបស់យើងទាំងអស់គ្នាដោយមិនមែនជារបស់បុគ្គលណាម្នាក់ឡើយ។
សូមបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនាពេលប៉ុន្មានឆ្នាំកន្លងមកនេះបានធ្វើឱ្យខេត្តទាំងមូលប្រែមុខមាត់ស្រស់បំព្រងនិងមានការរីកចម្រើនអភិវឌ្ឍន៍គ្រប់ក្រុងស្រុកធ្វើឱ្យប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងលាន់មាត់កោតសសើរគ្រប់ៗគ្នា ៕
ដោយ៖យឹម សុថាន