ការធ្វើសមយុទ្ធរួមរវាងនាវាចម្បាំងអាមេរិកជាមួយនឹងជប៉ុនធ្វើឡើងនៅតំបន់សមុទ្រចិនខាងត្បូង ហើយសមយុទ្ធនោះធ្វើឡើងក្រោយពេលដែលចិនទើបតែបញ្ចប់ការធ្វើសមយុទ្ធដើម្បីទប់ទល់នឹងការដាក់សម្ពាធពីអាមេរិកនិងសម្ពន្ធមិត្ត។
ក្រុមនាវាចម្បាំងអាមេរិកដឹកនាំដោយនាវាផ្ទុកយន្តហោះបានចាប់ផ្តើមធ្វើសមយុទ្ធរួមជាមួយនាវាផ្ទុកឧទ្ធម្ភាគចក្រជប៉ុននៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ ចំណុចដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ សមយុទ្ធអាមេរិក-ជប៉ុនចាប់ផ្តើម ក្រោយប៉ុន្មានថ្ងៃប៉ុណ្ណោះ ដែលសម យុទ្ធរវាងចិននឹងរុស្ស៊ីទើបតែបញ្ចប់។
នាវាផ្ទុកយន្តហោះអាមេរិក USS Carl Vinson និងក្រុមនាវាចម្បាំងដ៏ទំនើបបានចាប់ផ្តើមធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូង រួមជាមួយនាវា JS Kaga របស់កម្លាំងទាហានការពារដែនសមុទ្រជប៉ុន។ នាវាចម្បាំងប្រទេសទាំងពីរបានសហការជាមួយកម្លាំងទាហានអាកាសវាយលុកទៅលើគោលដៅដែលបានគ្រោងទុក។
លោក Daniel Martin មេបញ្ជាការក្រុមនាវាចម្បាំងអាមេរិក បានលើកឡើងថា យុទ្ធនាការរួមជាផ្នែកមួយនៃការត្រៀមលក្ខណៈក្នុងការធ្វើសង្គ្រាមនៅលើដែនសមុទ្ររវាងទាហានអាមេរិកនឹងជប៉ុន៕ ដោយ៖ធីរីណា
រូបថត៖AP