ខេត្តពោធិ៍សាត់: លោក ខាំ វណ្ណមុន្នីរ័ត្ន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តពោធិ៍សាត់ បានអញ្ជើញឈ្មោះ ចាន់ វិចិត្រ មុខរបរ អភិបាលរងស្រុកវាលវែង ទីលំនៅបច្ចុប្បន្នភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ឲ្យចូលទៅកាន់ អយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ នៅថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ២០២១ ដើម្បីឆ្លើយបំភ្លឺ ពីដំណើររឿង «បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ» ប្រព្រឹត្តនៅចំណុចភ្លុកដំរីក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។
សូមបញ្ជាក់ថា, លោក ចាន់ វិចិត្រ មុខរបរ អភិបាលរងស្រុកវាលវែង ល្បីបំផុតរឿងបញ្ហាដីធ្លី រហូតដល់ប្រជាពលរដ្ឋ ស្អប់ ខ្លាចរអា ដោយសារបុគ្គលនេះប្រើអំណាច វប្បធម៌តាមទម្លាប់មកគាបសង្កត់ប្រជាពលរដ្ឋ បំផ្លិចបំផ្លាញដី ដំណាំ ចម្ការ ប្រជាពលរដ្ឋ រួចលើកហេតុផលថា, ដីនោះរដ្ឋរឹបអូសយក ឬថាអាជ្ញាធរនិរាករណ៍ដីជាដើម តែធាតុពិតរំលោភយកដីប្រជាពលរដ្ឋស្រស់ៗ ។
សូមជម្រាបជូនថា, លោក រ៉ាយ កន ភេទប្រុស អាយុ៥៥ ឆ្នាំ ជាមេបញ្ជាការរង វរៈ១៤៤ ចំណុះកងពលតូចអន្តរាគមន៍លេខ១៤ មាន អត្តលេខ022922 មានទីលំនៅបច្ចុប្បន្ន ភូមិឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានប្តឹង លោកចាន់ វិចិត្រ អភិបាលរងស្រុកវាលវែងពីបទ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ទៅព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តពោធិ៍សាត់ ពីបទ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ដីចម្ការនោះ ស្ថិតនៅចំណុចភ្លុកដំរី ភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
លោក រ៉ាយ កន បានរៀបរាប់ជូនលោកព្រះរាជអាជ្ញាថា, ដីនេះ លោកបានកាន់កាប់ចាប់តាំងពីឆ្នាំ១៩៩៦មកម្លេះ ហើយលោកជាគ្រួសារកងទ័ពខ្មែរក្រហមឈរជើង តាមបន្ទាប់ព្រំដែន តាមគោលនយោបាយឈ្នះឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកបានចូលរួមការពារ រាជរដ្ឋាភិបាលស្របច្បាប់ដោយបូជា ឈាមស្រស់ សាច់ស្រស់ , លោកប្តូរជីវិតគឺកាប់ឆ្ការព្រៃតំបន់មីនដើម្បីយកដីធ្វើស្រែចម្ការ ស្រាប់តែនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ លោកចាន់ វិចិត្រ អភិបាលរងស្រុកវាលវែង មកឈូសបំផ្លាញដំណាំរួមមាន ស្វាយចន្ទី ២៥០ដើម ស្វាយកែវរមៀត៥០ដើម ចេក១០០គុម្ព ដំឡូងមី ចំនួន១ហិត ធ្វើឲ្យលោកបាត់បង់ផលប្រយោជន៍ ប៉ះពាល់ជីវភាព និងប្រាក់ចំណូល។
ក្នុងករណីនេះផងដែរ ដោយសារតែ លោកចាន់ វិចិត្រ អភិបាលរងស្រុកវាលវែង យកអំណាចថ្នាក់ដឹកនាំក្នុងខេត្តមកគំរាមកំហែងប្រជាពលរដ្ឋ លោកក៏បង្ខំប្ដឹងទៅក្រសួងមហាផ្ទៃ ។ ក្រោយមកសម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចំណារលើពាក្យបណ្ដឹងរបស់លោក រ៉ាយ កន ដែលស្នើសុំអន្តរាគមន៍ទៅអភិបាលខេត្តពោធិ៍សាត់ ផ្ដល់យុត្តិធម៌នោះ។ ទើបលោកលោក សក់ សេដ្ឋារដ្ឋលេខាធិការក្រសួងមហាផ្ទៃចេញលិខិតមួយមកកាន់អភិបាលខេត្តពោធិ៍សាត់ដើម្បីឲ្យមានការដោះស្រាយតាមផ្លូវច្បាប់ជូនលោក រ៉ាយ កន ជុំវិញការរំលោភបំពានដោយអភិបាលរងស្រុក រូបនេះ។
ពាក់ព័ន្ធក្នុងករណីនេះអង្គភាព “នគរដ្រេហ្គន”មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺពីលោកអភិបាលរងស្រុកនោះបានឡើយ នៅល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ដោយគ្មានលេខទូរស័ព្ទ។
ប៉ុន្តែជនរងគ្រោះឈ្មោះ រ៉ាយ កន បានប្រាប់អង្គភាព”នគរដ្រេហ្គន”ថា, ទីតាំងដីរបស់គាត់ដែលមានលិខិតកាន់កាប់ស្របច្បាប់ បែរជាអភិបាលរងស្រុកវាលវែងរូបនេះ បានយកកម្លាំងកងរាជអាវុធហត្ថនិងនគរបាល ទៅឈរគំរាមកំហែងនៅលើទីតាំងដីនោះ មិនឱ្យគាត់ចូល ជាការសម្លុតបំបាក់ស្មារតី ។ ប៉ុន្តែគាត់បានអះអាងថាក្នុងមួយជីវិតនេះគាត់គ្មានដីឯណាទេពីព្រោះគាត់បានកាប់ឆ្ការនៅតំបន់មីនដ៏គ្រោះថ្នាក់បំផុតតាំងពីឆ្នាំ ១៩៩៦ មកម្ល៉េះ៕
ដោយ៖ សិលា