ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ដោយសារត្រូវចរន្តអគ្គិសនីឆក់

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅលើដីយ៉ាងអាណោចអាធ័មដោយសារត្រូវចរន្តអគ្គិសនីឆក់នៅវេលាម៉ោង១៩និង០០នាទីថ្ងៃ‌ទី២៧ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចចម្ការស្វាយឈ្មោះ ហាក់ រី  ស្ថិតក្នុងភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តណ្តាល ។ 

     មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះ‌មិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែលជា៣០ឆ្នាំជាង ជនជាតិខ្មែរ កម្ពស់១.៦៧ម សក់ខ្មៅរួញ ពាក់អាវយឺតដៃខ្លី ពណ៌ក្រហមលាយលឿងនិងទឹកក្រូច ស្លៀកខោកំណាត់ពណ៌ខ្មៅជេីងវែង មានពាក់ខ្សែក្រវាត់មានឆ្នូតសលាយខ្មៅ ក្បាលខ្សែក្រវាត់រូបខ្យាដំរី។ វត្ថុតាងចាប់យកមានខ្សែលួសប្រវែង៥០ម៉ែត្រ។ 

     ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកេីតហេតុខាងលេី មានប្រជាពលរដ្ឋឈ្មោះរី​ ម៉ាត់ ភេទប្រុស អាយុ៣២ឆ្នាំជនជាតិខ្មែរអ៊ិស្លាម នៅភូមិបារ៉ែនក្រោមឃុំស្វាយប្រទាល បានមករាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយប្រទាលថាមានមនុស្សប្រុសម្នាក់ស្លាប់នៅក្នុងចំណុចចម្ការស្វាយដែលឃ្លាតពីរោងចិញ្ចឹមមាន់របស់ឈ្មោះហាក់ រី ប្រហែល២៥ម៉ែត្រ។ ក្រោយពេលទទួលបានព័ត៌មានខាងលេីនេះភ្លាមកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយប្រទាល សហការជាមួយសមត្ថកិច្ចជំនាញផ្នែកពិនិត្យ វិភាគកន្លែងកើតហេតុស្រុក កម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុករួមជាមួយគ្រូពេទ្យមណ្ឌលសុខភាពឃុំ ក្រុមប្រឹក្សាឃុំ លោកមេភូមិ បានធ្វេីការពិនិត្យខ្សែលួស ខ្សែទី១ពីដីកម្ពស់៤០ស.ម. ខ្សែទី២កម្ពស់ពីដី៧០ស.ម.  ហើយសាកសពឃើញថាពុំឋិតនៅកន្លែងដែលគេរាយខ្សែលួសនោះទេ គឺបានឃ្លាតចេញពីកន្លែងដែលគេរាយខ្សែលួសនោះប្រមាណជាង២៥ម៉ែត្រ។ សាកសពមានស្នាមឆក់ខ្លោចដាច់ត្រង់សាច់ដុំខាងស្ដាំ ប្រវែង៨សង់ទីម៉ែត្រហេីយមានស្នាមដាច់សាច់កំភួនដៃខាងស្ដាំប្រវែង១០សង់ទីម៉ែត្រ មានស្នាមដាច់មុខកាត់០១សង់ទីម៉ែត្រ មានស្នាមឈាមហូរចេញពីច្រមុះខាងស្ដាំ ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ ។

   តាមការសន្និដ្ឋាន ជនរងគ្រោះស្លាប់ដោយសារចរន្តអគ្គិសនីឆក់ប្រាកដមែន។ 

    ក្រោយពេលធ្វើការពិនិត្យសាកសពរួចត្រូវបានប្រគល់ជូនប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយប្រទាលរក្សាទុកស្វែងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ស្អាង ជ័យ


ចែករំលែក៖