ខេត្តព្រះសីហនុ៖ បើយោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះបានឱ្យដឹងថា ដោយមានការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ជាបន្តបន្ទាប់ ក្រោយពីមានគណនីហ្វេសប៊ុកមួយឈ្មោះ លី ឈូន បានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ថា មានបុរសជនជាតិខ្មែរ ០២នាក់ជិះម៉ូតូ១គ្រឿងម៉ាក Scoopy ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IY-1459 បានបន្លំចូលផ្ទះប្រជាពលរដ្ឋ និងលួចយកប្រាក់អស់មួយចំនួន រួចជិះម៉ូតូគេចខ្លួនបាត់ ។
បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យកម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តចុះធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង ០១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ នគរបាលជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ភេទប្រុស ជនជាតិខ្មែរ ហើយបន្ទាប់មកក៏ឃាត់ខ្លួនបានបក្ខពួកជនសង្ស័យចំនួន០២នាក់ទៀត ជាបន្តបន្ទាប់ ។ ករណីខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកំពុងបន្តនីតិវិធី ។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមថ្លែងអំណរគុណដល់គណនីហ្វេសប៊ុកឈ្មោះ លី ឈូន ដែលបានសហការជាមួយនគរបាលជំនាញក្នុងការបង្ហាញភស្តុតាង ដើម្បីឱ្យនគរបាលជំនាញធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យយ៉ាងឆាប់រហ័ស យកមកចាត់ការតាមនីតិវិធីច្បាប់ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ក្នុងពេលជួបបទល្មើសឬហេតុការណ៍ផ្សេងៗ សូមរាយការណ៍មកកាន់នគរបាលដែលនៅជិតលោកអ្នកបំផុត ដើម្បីឱ្យនគរបាលជំនាញធ្វើការអន្តរាគមន៍បានទាន់ពេលវេលា៕
ដោយ៖សហការី