ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូយកបាយឱ្យកូននៅសាលារៀនតែអកុសលដួលម៉ូតូខ្ទាតចូលទៅក្រោមកង់ត្រូវរថយន្តកិនស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ និងម្នាក់ទៀតរងរបួសធ្ងន់

ចែករំលែក៖

   ភ្នំពេញ ៖ បុរសម្នាក់ជាអ្នករត់ម៉ូតូឌុបដឹកស្ត្រីម្នាក់តាមបណ្ដោយផ្លូវហាណូយហើយបានទាក់ដៃចង្កូតជាមួយនឹងរថយន្តបណ្ដាលឲ្យដួលម៉ូតូខ្ទាតចូលទៅក្រោមកង់រថយន្តកិនស្លាប់បាត់បង់ជីវិតក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យនិងបុរសម្នាក់ទៀតជាអ្នកបើកម៉ូតូរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ។

   ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់មួយនេះបានកើតឡើងកាលពីវេលាម៉ោង១១និង២៥នាទីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

   ជនរងគ្រោះមានឈ្មោះ តេង មុំ ភេទស្រី អាយុ៥២ឆ្នាំ មានស្រុកកំណើតនៅក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

   យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូឌុបម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ1HL-2689 ដោយធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយក្នុងទិសដៅពីជើងទៅត្បូងដើម្បីយកបាយទៅឲ្យកូនរៀននៅសាលាបឋមសិក្សាឃ្មួញ។ ខណៈជិះទៅដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានបុរសម្នាក់ឈ្មោះឡេង ចាវ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាតៃកុងរថយន្ត រស់នៅស្រុកឧដ្ដុង្គ ខេត្តកំពង់ស្ពឺ បានបើករថយន្តកូរ៉េម៉ាកហុីយ៉ាន់ដាយពណ៌សមួយគ្រឿងពាក់ស្លាកលេខកំពង់ស្ពឺ2A-4080 ដឹកទំនិញទៅឱ្យគេដោយបើកបរក្នុងល្បឿនលឿនមកពីក្រោយស្របទិសដៅគ្នាបណ្ដាលឱ្យប៉ះដៃចង្កូតម៉ូតូជនរងគ្រោះធ្វើឱ្យម៉ូតូដួលខ្ទាតចូលទៅក្រោមកង់រថយន្តក៏ត្រូវរថយន្តអូសចម្ងាយបីម៉ែត្រទើបរថយន្តឈប់ហើយជនរងគ្រោះដែលជិះពីក្រោយត្រូវរថយន្តកិនស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ រីឯអ្នកបើកម៉ូតូរងរបួសធ្ងន់។ចំណែករថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ។

   ក្រោយកើតហេតុនេះភ្លាមតៃកុងរថយន្តបង្កបម្រុងរត់គេចខ្លួន តែត្រូវបានប្រជាពលរដ្ឋនៅកន្លែងកើតហេតុ ឃាត់ខ្លួនបានប្រគល់ជូនទៅឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់។

   ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ធ្វើការត្រួតពិនិត្យមើលរួចរាល់ទើបទាក់ទងទៅផ្នែកជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យចុះមកធ្វើការវាស់វែងនិងយករថយន្តបង្ករួមទាំងម៉ូតូជនរងគ្រោះទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ។

   ចំណែកសពក្រោយសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុនិងធ្វើកោសល្យវិច័យរួចរាល់ក៍បានប្រគល់ទៅឱ្យសាច់ញាតិនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖និន សុភ័ស្ត


ចែករំលែក៖