ខេត្តព្រៃវែង៖ បេីយោងតាមការបញ្ជាក់ពីលោក ស សុខារដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាបានបង្ហោះសារនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅរសៀលថ្ងៃសុក្រទី២៩ ខែតុលា ឆ្នាំ២០២១នេះថា៖ លោក សេង សុភ័ក្ត្រ សមាជិកក្រុមការងារ ស.ស.យ.ក. ចុះជួយស្រុកស្វាយអន្ទរ តំណាងលោក ទូច វណ្ណៈ ប្រធានក្រុមការងារ ស.ស.យ.ក. ចុះជួយស្រុកស្វាយអន្ទរ និងលោក លីនី ភីដែន ប្រធាន ស.ស.យ.ក. ស្រុក ព្រមទាំងក្រុមការងារ បាននាំយកថវិកាប្រចាំខែតុលា របស់លោក និងក្រុមគ្រួសារ ចំនួន ១០០ដុល្លារ និងអង្ករ ចំនួន ២៥គីឡូក្រាម ប្រគល់ជូនក្មួយកំព្រាឪពុកម្តាយពីរនាក់បងប្អូន រស់នៅក្នុងភូមិឫស្សីធ្លក ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង សម្រាប់ចូលរួមផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ។
នៅក្នុងសំណេរហ្វេសប៊ុករបស់លោក ស សុខា បានបញ្ជាក់បន្ថែមទៀតថា ដោយក្តីអាណិតជាពន់ពេកចំពោះក្មួយកំព្រាឪពុកម្តាយទាំងពីរនាក់បងប្អូននេះ ខ្ញុំ និងក្រុមគ្រួសារ បានសម្រេចឧបត្ថម្ភថវិកាប្រចាំខែ ចំនួន ១០០ដុល្លារ និងអង្ករ ចំនួន ២៥គីឡូក្រាម ក្នុង ១ខែ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២០ រហូតមក និងបន្តជារៀងរាល់ខែ ។
សម្រាប់ខែតុលានេះ គឺជាខែទី១១ ហើយ ដែលក្រុមការងារ បាននាំយកថវិកាប្រចាំខែរបស់ខ្ញុំ និងក្រុមគ្រួសារ ចំនួន ១០០ដុល្លារ និងអង្ករ ចំនួន ២៥គីឡូក្រាម ប្រគល់ជូនក្មួយកំព្រាឪពុកម្តាយទាំងពីរនាក់បងប្អូន ។
គួរបញ្ជាក់ថា ក្មួយកំព្រាទាំងពីរនាក់បងប្អូនខាងលើនេះ ត្រូវបានឪពុកម្តាយស្លាប់ចោល កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយឧបទ្ទវហេតុឆក់ខ្សែភ្លើង ដែលកូនស្រីច្បង អាយុ ៥ឆ្នាំ និងកូនប្រុសប្អួន អាយុ ៣ខែ ។ បច្ចុប្បន្នក្មួយទាំងពីររស់នៅជាមួយជីតាសាច់ឆ្ងាយក្នុងភូមិឃុំខាងលើ ៕
ដោយ៖សហការី