ភ្នំពេញ៖ លោក នេត ភក្ត្រា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, អកត្រីក្បាលប្រផេះ មានឈ្មោះជាភាសាអង់គ្លេស Grey-headed Fish-Eagle និង ឈ្មោះវិទ្យាសាស្រ្តហៅថា Ichthyophaga icthyaetus។ អកត្រីក្បាលប្រផេះ ជាប្រភេទជិតទទួលរងការគំរាមកំហែងលើពិភពលោក ចុះក្នុងបញ្ជីក្រហមរបស់ IUCN ហើយប្រភេទនេះមានវត្តមាននៅ ឥណ្ឌា នេប៉ាល់ ស្រីលង្កា បង់ក្លាដេស មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ ឡាវ វៀតណាម ម៉ាឡេស៊ី សង្ហបូរី ប៊្រុយណេ ឥណ្ឌូនេស៊ី និងកម្ពុជាយើង។ វាមានប្រវែងខ្លួន ៦៩-៧៤ស.ម មាឌធំ កវែងជាងអកដទៃ ក្បាលប្រផេះ សម្បុរត្នោតចាស់ ចុងកន្ទុយខ្មៅ ពោះ និង កន្ទុយស ដើមទ្រូងពណ៌ត្នោតចាស់ ស្លាបផ្នែកក្រោមពណ៌ខ្មៅ។
លោកបញ្ជាក់ថា, ទីជម្រក៖ ត្រពាំង ស្ទឹង ព្រៃលិចទឹកទន្លេធំៗ ជាពិសេស នៅតំបន់បឹងទន្លេសាប ហើយចំណីរបស់វាគឺ ត្រី និងប្រភេទពស់ទឹក។
រដូវបន្តពូជ៖ ចាប់ពីខែវិច្ឆិការ ដល់ ខែកុម្ភៈ មានពងតែ២ប៉ុណ្ណោះ។ ការរស់នៅរបស់សត្វប្រភេទនេះ ត្រូវការដែនធំ ហេតុដូចនេះការបាត់បង់ទីជម្រក និងចំណីអាហារគឺជាការគំរាមកំហែង ដ៏ខ្លាំងបំផុតមកលើប្រភេទនេះ។
តាមរយៈការអនុវត្តកម្មវិធីពិនិត្យអង្កេតតាមដានចំនួនប្រភេទនេះ នៅតំបន់រ៉ាមសារព្រែកទាល់លើទំហំផ្ទៃដីជាង២ម៉ីនហិកតា មានវត្តមានសត្វប្រភេទនេះប្រមាណជា ៤០គូ កំពុងរស់នៅ និងបន្តពូជ។ អកត្រីក្បាលប្រផេះនេះក៏មានវត្តមាននៅតំបន់ការពារធម្មជាតិផ្សេងទៀតដែរ។ បច្ចុប្បន្ន អ្នកអភិរក្សបាន និងកំពុងបន្តសិក្សាស្រាវជ្រាវបន្ថែមទៀតលើរភេទបក្សី អកត្រីក្បាលប្រផេះនេះ។ គេមិនទាន់ដឹងថា អកត្រីក្បាលប្រផេះនេះមានចំនួនប៉ុន្មានពិតប្រាកដនៅកម្ពុជាទេ តែចំនួនសរុបទូទាំងពិភពលោកមានចន្លោះពី ១០ ០០០ ទៅ ១០០ ០០០ ក្បាល៕
ដោយ ៖ សិលា