ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី លឹម គានហោ ដឹកនាំយុទ្ធនាការអន្តរាគមន៍បិទផ្ចិតទំនប់-ផ្លូវបន្ត នៃព្រឹត្តិការណ៍ទឹកជំនន់ស្ទឹងព្រែកត្នោត

ចែករំលែក៖

ភ្នំពេញ៖ យុទ្ធនាការអន្តរាគមន៍បិទផ្ចិតទំនប់-ផ្លូវបន្ត នៃព្រឹត្តិការណ៍ទឹកជំនន់ស្ទឹងព្រែកត្នោត ក្រោមការដឹកនាំ និងបញ្ជាដោយផ្ទាល់ពីសំណាក់ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដោយមានកិច្ចសហការល្អពី លោក ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធចំរុះ អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ នៅត្រង់សំណង់ទ្វារទឹកចាស់ដែលគេបានលប់ជាច្រើនឆ្នាំមកហើយកសាងឡើងក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ស្ថិតភូមិកន្ទុយទឹក លើសណ្តរស្ទឹងព្រែកត្នោត ត្រូវបានក្រុមការងារខិតខំជួសជុលយ៉ាងសកម្ម បានបិទផ្ចិតតួទំនប់តាំងពីថ្ងៃម្សិលមិញទី២៨ ខែតុលា ឆ្នាំ២០២១ និងបានចាក់បំពេញដីតួផ្លូវទំនប់សម្រេចដោយជោគជ័យតាមផែនការកំណត់នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ  ។

ពេលនេះក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម កំពុងបន្តជួសជុលកែលម្អផ្លូវបន្ថែម ដើម្បីបើកបម្រើដល់ការធ្វើចរាចរណ៍ជាប្រក្រតីភាពឡើងវិញ ទុកជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកន្ទុយទឹក ភូមិក្រាំង និងភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលសកម្មភាពការងារនឹងបញ្ចប់រួចរាល់នៅល្ងាចថ្ងៃនេះ ។

ទន្ទឹមនេះ ជំនន់ទឹកស្ទឹងព្រែកត្នោតក្នុងឆ្នាំ២០២១នេះ ត្រូវបានបញ្ចប់ជាស្ថាពរនៅវេលាម៉ោង ១៤:០០ រសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ។
ចំពោះស្ថានភាពនៃជំនន់ទឹកស្ទឹងព្រែកត្នោត មានដូចខាងក្រោម ៖
-នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ជំនន់ចាប់គំរាមកំហែងខ្លាំង
-នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ជំនន់ឡើងដល់ចំណុចកំពូល កម្ពស់អតិបរមា ៦,៥៨ម៉ែត្រ (កម្ពស់ហានិភ័យ ៥,១០ម៉ែត្រ)
-នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១  ទឹកចាប់ផ្តើមស្រកចុះ
-នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ វេលាម៉ោង១៤:០០នាទីរសៀល កម្ពស់ទឹកស្ទឹងព្រែកត្នោតមានត្រឹម ៥,០៨ម៉ែត្រ បានឆ្លងផុតនូវហានិភ័យជាស្ថាពរ ៕

ដោយ ៖ សិលា


ចែករំលែក៖