ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌច្បារអំពៅណែនាំចៅសង្កាត់ទាំង៨ត្រូវសម្អាតសាលារៀនគ្រប់កម្រិត

ចែករំលែក៖

 ភ្នំពេញ៖ បន្ទាប់ពីជំងឺកូវីដ-១៩ ឆ្លងរីករាលដាលជាសកលបានធ្វើឱ្យប៉ះពាល់ស្ទើរគ្រប់វិស័យទាំងផ្នែកសេដ្ឋកិច្ច សុខុមាលភាពប្រជាពលរដ្ឋ ជីវភាពរស់នៅប្រចាំថ្ងៃ ការប្រាស្រ័យទាក់ទងគ្នាមានការខ្លាចរអា ជាពិសេសគុណភាព នៃការអប់រំមានការធ្លាក់យ៉ាងខ្លាំងដែលជាក្តីបារម្ភធំរបស់មាតាបិតា អាណាព្យាបាលសិស្ស ហើយក៏ជាក្តីបារម្ភរបស់ថ្នាក់ដឹកនាំផងដែរ ។

     ស្របពេលដែលរាជរដ្ឋាភិបាលសម្រេចឱ្យបើកគ្រឹះស្ថានសិក្សាគ្រប់កម្រិតទាំងរដ្ឋនិងឯកជនឡើងវិញ តែត្រូវអនុវត្ត តាមវិធានការ ៣កុំ ៣ការពារ និងវិធានការរបស់ក្រសួងសុខាភិបាលជាប្រចាំនោះ  លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានធ្វើការណែនាំបន្ទាន់ឱ្យលោក-លោកស្រី ជាចៅសង្កាត់ទាំង៨ ត្រូវដឹកនាំកម្លាំងចុះ ត្រួតពិនិត្យ ចាត់ចែងការងាររៀបចំសម្អាតទីធ្លារសាលានិងសម្អាតបរិស្ថាន អនាម័យនៅតាមបន្ទប់សិក្សា គ្រប់កម្រិតនៅក្នុងមូលដ្ឋានសង្កាត់របស់ខ្លួន ដើម្បីត្រៀមបើក បវេសនកាលនាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ។ 

     ដោយឡែកចំពោះការចាក់វ៉ាក់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌ លោកអភិបាលខណ្ឌបានក្រើនរំលឹកដល់លោក-លោកស្រី ចៅសង្កាត់ទាំង៨ ត្រូវធ្វើការផ្សព្វផ្សាយបានទូលំទូលាយដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំង ឱ្យមកចាក់វ៉ាក់សាំងគ្រប់ៗគ្នា ព្រោះថានៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ជាថ្ងៃចុងក្រោយនៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ហើយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ជាថ្ងៃបិទបញ្ចប់ យុទ្ធនាការចាក់វ៉ាក់សាំង។ ដូច្នេះសូមលោក-លោកស្រី ជាចៅសង្កាត់ ត្រូវជំរុញការងារនេះឲ្យមានប្រសិទ្ធភាពខ្ពស់ ៕ 

ដោយ ៖ សណ្តោស


ចែករំលែក៖