ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់​របួសធ្ងន់២នាក់​ដោយសារជិះម៉ូតូវ៉ាជែងរថយន្តជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតក្នុងទិសដៅបញ្ច្រាសគ្នា

ចែករំលែក៖

ភ្នំពេញ ៖​ មានម៉ូតូពីរគ្រឿងបានបុកគ្នាក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹង​ បណ្ដាលឲ្យបុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង​ រីឯមនុស្សប្រុសស្រី២នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដេីម្បីសង្គ្រោះ​អាយុជីវិត​។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលវេលាម៉ោង៨​និង៣០នាទីយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១​ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងឌួងងៀប​ ត្រង់ចំណុចមុខបុរីទារក កុមារជាតិ ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

   ជនរងគ្រោះដែលស្លាប់នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ​ ។ 

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូស្មាស់រីវ៉ូ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1AL-4707 ជិះដោយបុរសម្នាក់​តាមបណ្ដោយផ្លូវបេតុងឌួងងៀប​ពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន​ ខណៈមកដល់ចំណុចកើតហេតុខាងលើបានបើកវ៉ាជែងរថយន្តជ្រុលចូលទៅក្នុងចំណែកផ្លូវម្ខាងទៀតហើយទៅបុកម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1IR -3099 បើកដោយយុវជនម្នាក់រួមដំណើរជាមួយនារីម្នាក់​ក្នុង ទិសដៅបញ្ច្រាសគ្នាពីត្បូងទៅជើង​ចំបញ្ឆិតចំហៀងពេញទំហឹងបណ្ដាលឱ្យភាគីខាងម៉ូតូស្មាស់រីវ៉ូស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុ​ ចំណែកភាគីប្រុសស្រី២នាក់ខាងម៉ូតូហុងដាឌ្រីមរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ​ ។ 

    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋាន​ និងជំនាញចរាចរណ៍ខណ្ឌមានជ័យបានចុះមកធ្វេីការវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុករង់ចាំដោះស្រាយបន្តតាមក្រោយ​ ។ ដោយឡែកសពជនរងគ្រោះ​ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ​ និងទាក់ទងទៅក្រុមគ្រួសារឱ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖