ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រុងបើកបររេចង្កូត ទៅបុកដើមឈើបណ្តាលឲ្យស្លាប់ម្នាក់

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្តាលមកពី រថយន្តក្រុងដឹកអ្នកដំណើរ៧នាក់ បានរេចង្កូតទៅបុកនិងដើមឈើខ្ទេចផ្នែកខាងមុខ ធ្វើឲ្យប្រុសវ័យចំណាស់ម្នាក់ស្លាប់ភ្លាមៗ រីឯអ្នកដំណើរ៦នាក់ផ្សេងទៀតរួចផុតគ្រោះថ្នាក់ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែតុលាឆ្នាំ២០២១ ស្ថិតក្នុងចំណុចភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។

បើតាមរបាយការណ៍របញ្ជាក់របស់អធិការដ្ឋាននគរបាលស្រុកសេសានបានឱ្យដឹងថា: ដោយរថយន្តក្រុង១គ្រឿងពាក់ស្លាកលេខសៀបរាប3A.1927 ពណ៌សរបើកបរពីលិចទៅកើតបានដាច់ចង្កូតរេបុកដើមឈើ នៅចំណុចគីឡូម៉ែត្រលេខ២៥និង២៦ចំណុចភូមិច្រប់ ឃុំក្បាលរមាស។

ក្រោយពេលកើតហេតុអ្នកបើកបរដឹងខ្លួនថាមានអ្នកស្លាប់ក្នុងហេតុការណ៍នោះរត់គេចបាត់ស្រមោលតែម្តង។

របាយការណ៍បញ្ជាក់ថា: ក្រោយកើតហេតុសមត្ថកិច្ចក៏បានទៅដល់កន្លែងកើតហេតុ ពិនិត្យមើល បានប្រទះឃើញអ្នកដំណើរម្នាក់ស្លាប់ក្នុងរថយន្តមានឈ្នោះ នាង ម៉ាត់ ភេទប្រុស អាយុ៦២ឆ្នាំជនជាតិខ្មែរអ៊ិស្លាមមុខរបរកសិករ នៅភូមិឃ សង្កាត់ច្រាំងចំរេះទី៣ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។គាបជាប់នៅក្នុងកាប៊ីនរថយន្ត អ្នករួមដំណើរក្នុងរថយន្តមានចំនួន៧នាក់។(អ្នកបើកបរ២នាក់ប្រុស រត់គេចខ្លួនបាត់)

មូលហេតុគ្រោះថ្នាក់មកពីដាច់បាឡុងដៃចង្កូត ទើបរេចង្កូតតែម្តង។

សាកសពក្រោយសមត្ថកិច្ចជំនាញស្រុកនិងប៉ុស្តិ៍ពិនិត្យ និងធ្វើកំណត់ហេតុរួច ក៏បានប្រគល់ជូនគ្រួសារសព យកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ដោយយោងតាមការសម្របសម្រួលពីព្រះរាជអាជ្ញារង ជា សុភ័ក្រ្ត អយ្យការសាលាដំបូងខេត្តស្ទឹងត្រែង ផងដែរ ៕

ដោយ៖ មាស សុផាត


ចែករំលែក៖