ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស្ព័របើកលឿនជ្រុលបុកជាមួយម៉ូតូឡំប្រឺតាបណ្តាលឲ្យក្រឡាប់របួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ភ្នំពេញ ៖ បុរសជនជាតិបរទេសម្នាក់បើករថយន្តស្ព័រមួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុកជាមួយនឹងម៉ូតូឡំប្រឺតាបណ្ដាលឲ្យក្រឡាប់រងរបួសធ្ងន់ស្រាល៣នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង០០នាទីរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុមុនដំបូងបានឲ្យដឹងថា គេបានឃើញរថយន្តប្រភេទស្ព័រមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2P-2822 បើកបរដោយជនជាតិបរទេសម្នាក់ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួនស្របពេលនោះមានម៉ូតូឡំប្រឺតាមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ1HO-0452 ជិះគ្នាបីនាក់ធ្វើដំណើរពីលិចទៅកើតវាក់អើស្រាប់តែបុកគ្នាពេញទំហឹងបណ្តាលឲ្យអ្នកធ្វើដំណើរតាមម៉ូតូឡំប្រឺតារបួសធ្ងន់ស្រាលបីនាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខចុះធ្វើការវាស់វែងរក្សាទុកដើម្បីរង់ចាំការដោះស្រាយ៕

ដោយ៖និន សុភ័ស្ត


ចែករំលែក៖