ព័ត៌មានទាន់ហេតុការណ៍៖

អ្នកបំពាននៅតែបំពានច្បាប់ ! អាជ្ញាធរខេត្តបាត់ដំបងសម្រេចបិទ ភោជនីយដ្ឋានមួយកន្លែងបន្ទាប់ពីល្មើសវិធាន ការរដ្ឋបាលក្នុងការការពារជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តបាត់ដំបង៖ ភោជនីយដ្ឋាន អូវើរ ថាម (Over time) កន្លែងស្ថិតក្នុងភូមិរំចេក០៥ សង្កាត់រតនៈ ក្រុងបាត់ដំបង ត្រូវបានមន្ទីរទេសចរណ៍ខេត្តសម្រេចបិទអាជីវកម្មបន្ទាប់ពី ទីតាំងនេះបានបើកដោយល្មើសនឹងវិធានការរបស់ រដ្ឋបាលខេត្ត នៅថ្ងៃទី៣១ ខែតុលានេះ។

លោក អ៊ុច អ៊ុភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង  បានឲ្យដឹងថា អាជីវកម្មខាងលើបានបើក ដោយគ្មានច្បាប់ គ្មានអជ្ញាបណ្ណ បើកទទួលភ្ញៀវនៅបន្ទប់ អាគារជាន់ទី៣ និងទី៤ មានលក្ខណៈជាក្លិប និងចាប់ (Pub) ដោយមានការប្រមូលផ្តុំភ្ញៀវ ពិសារគ្រឿងស្រវឹង ក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ប្រគុំភ្លេង និងចាក់ចំរៀងលឺៗ ដែលខុសទៅនឹងគោលការណ៍របស់សេចក្តីសម្រេចខេត្ត។

ការចុះទៅបិទនេះគឺបន្ទាប់ពី ក្រុមការងារអធិការកិច្ចនៃមន្ទីរទេសចរណ៍ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងចុះត្រួតពិនិត្យនៅតាមបណ្តាទីតាំងខារ៉ាអូខេ ក្លិបកម្សាន្ត ភោជនីយដ្ឋាន និង អាហារដ្ឋាន នានាក្នុងភូមិសាស្ត្រក្រុងបាត់ដំបង ដើម្បីតាមដានការអនុវត្តវិធានសុវត្ថិភាព និងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា, រដ្ឋបាលរាជធានី-ខេត្តចាប់ផ្ដើមបន្ធូរបន្ថយវិធានការរដ្ឋបាលលើកលែងតែ ខារ៉ាអូខេ រង្គសាល និងឌីស្តូតែក៕

ដោយ ៖ សិលា


ចែករំលែក៖