អន្តរជាតិ៖ ទីបំផុតប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ បានសម្រេចបញ្ចប់ជម្លោះរវាងសម្ព័ន្ធមិត្ត ខណៈលោក បៃឌិន សម្រេចដកវិធានការពន្ធលើការនាំចូលអាលុយមីញ៉ូម និងដែកដែលដាក់លើសហភាពអឺរ៉ុបសម័យប្រធានាធិបតី ដូណាល់ ត្រាំ ។ ជាមួយគ្នានេះ សហភាពអឺរ៉ុប ក៏សម្រេចមិនអនុវត្តពន្ធលើទំនិញអាម៉េរិកវិញដែរ។
គួររម្លឹកថា អតីតប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ កាលពីខែមិថុនា ឆ្នាំ២០១៨កន្លងទៅ បានប្រកាសយកពន្ធនាំចូលអាលុយមីញ៉ូម២៥ភាគរយ និងដែក១០ភាគរយពីប្រទេសនានា និងសហភាពអឺរ៉ុប ដោយយោងលើហេតុផលសន្តិសុខជាតិ។ ទង្វើរបស់លោក ត្រាំ ធ្វើឱ្យទំនាក់ទំនងរវាងអាម៉េរិក និងដៃគូរបស់ខ្លួន ធ្លាក់ចុះយ៉ាងខ្លាំង។ ទេីបតែបីឆ្នាំក្រោយនេះ សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប ឯកភាពគ្នាបញ្ចប់ជម្លោះនេះតែម្តង។
ដោយឡែកជុំវិញបញ្ហានេះដែរ លោកស្រី Gina Raimondo រដ្ឋមន្រ្តីពាណិជ្ជកម្មអាមេរិក នៅថ្ងៃទី៣០ ខែតុលានេះដែរ បានប្រកាសពីការលុបចោលការយកពន្ធនេះ និងការអនុញ្ញាតឱ្យសហភាពអឺរ៉ុបអាចនាំចូលអាលុយមីញ៉ូម និងដែកក្នុងទំហំកំណត់មួយដោយមិនគិតពន្ធ។ ចំណែកសហភាពអឺរ៉ុប ក៏ផ្អាកការអនុវត្តការយកពន្ធលើទំនិញអាម៉េរិកមានម៉ូតូធំ Harley-Davidson និងខោខូវប៊យ Levi’s ជាដើមដែលត្រូវចូលធរមាននៅថ្ងៃទី១ ខែធ្នូផងដែរ។
រដ្ឋមន្រ្តីពាណិជ្ជកម្មអាមេរិក បានបញ្ជាក់បន្ថែមថា៖ «ឧស្សាហកម្មនេះ ប្រឈមមុខការយកពន្ធសងសឹកដល់ទៅ៥០ភាគរយ។ គ្មាននរណាអាចរស់បានឡើយ។» ដោយសំដៅផែនការយកពន្ធរបស់អឺរ៉ុបលើការនាំចូលម៉ូតូ Harley-Davidson មុនបន្ថែមថា ប្រជាជនអាម៉េរិក១,៧លាននាក់ និងកម្មករជាង៥ពាន់នាក់ ពឹងពាក់លើការងារក្នុងឧស្សាហកម្មនេះ។ ជាមួយកិច្ចព្រមព្រៀងនេះ រដ្ឋមន្រ្តីរូបនេះអះអាងថា ការងាររបស់ពួកគេមានសុវត្ថិភាពហើយ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនេះដែរ មិនបានបញ្ជាក់ពីទំហំអាលុយមីញ៉ូម និងដែកដែលអាចនាំចូលទៅអាម៉េរិកដោយមិនគិតឡើយ។ ខណៈដែលលោកស្រី Raimondo ក៏សង្កត់ធ្ងន់ថា៖ ដែកដែលនាំចេញអឺរ៉ុបទៅអាម៉េរិក ត្រូវផលិតនៅនៅអឺរ៉ុបទាំងស្រុង៕
ដោយ៖ស តារា(រូបភាព៖ឯកសារ The Urovidener Journal)