ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តMazda បុកម៉ូតូមួយគ្រឿងបណ្ដាលឱ្យមនុស្ស៣នាក់រងរបួសធ្ងន់និងស្រាល

ចែករំលែក៖

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់បានបើករថយន្តMazdaមិនប្រកាន់ស្ដាំ ជ្រុលទៅបុកម៉ូតូsuzuki viva មួយគ្រឿងដែលជិះបញ្ច្រាសទិសដៅគ្នាបណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់ និងពីរនាក់ទៀតរងរបួសស្រាល។

   ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០០៤ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

   តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់បើករថយន្តម៉ាកMazdaមួយគ្រឿងពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2AI-9115ធ្វើដំណើរពីត្បូងទៅជើងក្នុងល្បឿនលឿន។ លុះបើកមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតចូលផ្លូវម្ខាងទៀតហើយក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាក suzuki viva ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល1R-7597ជិះដោយបុរស៣នាក់បញ្ច្រាសទិសដៅគ្នាពីជើងទៅត្បូងចំខាងមុខពេញទំហឹងបណ្ដាលឲ្យម៉ូតូដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់ម្នាក់ និងពីរនាក់ទៀតរងរបួសស្រាល។  បន្ទាប់មកត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

   ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

ដោយ៖ និនសុភ័ស្ត


ចែករំលែក៖