ភ្នំពេញ ៖ រថយន្តស៊េរីទំនេីបម៉ាក Ford Ranger បានបើកបុករថយន្តម៉ាក Toyota Prius ដែលកំពុងបើកឆ្លងផ្លូវចំពីចំហៀងពេញទំហឹងធ្វើឱ្យខ្ទាតទៅបោកផ្ទប់នឹងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែមិនបង្កឲ្យមនុស្សរងរបួសឡេីយ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃចន្ទទី១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវម៉ៅសេទុង កែងផ្លូវលេខ១៩៩ ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា ដំបូងគេឃេីញរថយន្តម៉ាក Toyota Prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BJ-6057 បេីកបរដោយបុរសម្នាក់ជាជនជាតិបរទេសធ្វេីដំណេីរតាមបណ្ដោយវិថីម៉ៅសេទុងក្នុង ទិសដៅពីត្បូងទៅជេីង ហើយពេលបើកឆ្លងភ្លើងស្តុបបានពាក់កណ្ដាលផ្លូវ ក៏មានរថយន្តស៊េរីទំនេីបម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BC-9796 ធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ១៩៩ ពីកេីតទៅលិចក្នុងល្បឿនលឿន និងមិនប្រយ័ត្នបានជ្រុលទៅបុករថយន្ត Toyota Prius ចំពីចំហៀងពេញទំហឹងវិលទៅបោកផ្ទប់នឹងរបាំងថ្មរងការខូចខាតយ៉ាងដំណំ ។ ចំណែករថយន្តបង្កម៉ាក Ford Ranger បានបើកបន្តទៅមុខប្រហែល៣០ម៉ែត្រទេីបឈប់រថយន្តហើយអ្នកបើកបរបានចុះគេចខ្លួនបាត់ ។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ គឺគ្រាន់តែខូចខាតរថយន្តទាំងពីរគ្រឿងខាងលេីនេះតែប៉ុណ្ណោះ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌ និងរាជធានីភ្នំពេញធ្វេីការវាស់វែងយករថយន្តទាំងពីរគ្រឿងខាងលេីនេះទៅរក្សាទុក រង់ចាំភាគីទាំងសងខាងចូលខ្លួនដោះស្រាយតាមច្បាប់ ៕
ដោយ ៖ ភារ៉ា ដង្កោ