ខេត្តបន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០១ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុ០៥ឆ្នាំ នៅមណ្ឌលសុខភាពទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោក អ៊ុំ រាត្រី បានថ្លែងថា ៖ «យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នាពេលនេះ គឺបានមកពីការគិតគូរ យកចិត្តទុកដាក់ខ្ពស់បំផុត ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាទៅដល់ក្មួយៗ ដើម្បី ឲ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ ឬអង់ទីគ័រការពារ ប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩»។
លោកអភិបាលខេត្តបានបន្តថា វ៉ាក់សាំងបង្ការនេះពិតជាបានចូលរួមចំណែក ជួយកាត់បន្ថយការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានមួយផ្នែកធំបើទោះបីវាមានការឆ្លងមកបុគ្គលដែលបានចាក់ហើយក៏ដោយ ក៏អ្នកជំងឺមិនមានអាការៈធ្ងន់ធ្ងរ ដល់អាយុជីវិត នោះឡើយ។
លោកអភិបាលខេត្ត ក៏បានថ្លែងបញ្ជាក់ដែរថា ការចាក់វ៉ាក់សាំងបង្ការនាពេលនេះដែរ គឺធ្វើឡើងសម្រាប់កុមារ អាយុ០៥ឆ្នាំ ដែលបានចាប់ផ្តើមចាក់ ចាប់ពីថ្ងៃទី០១ វិច្ឆិកា ឆ្នាំ២០២១ តទៅនេះ។ការចាក់វ៉ាកសាំងជូនកុមារនិងយុវវ័យក្នុងក្របខណ្ឌទូទាំងខេត្ត រៀបចំចាប់ផ្តើមចាក់ពីថ្ងៃនេះតទៅតាមមណ្ឌលសុខភាពទាំង៦៥ ឃុំ/សង្កាត់ ។
ជាមួយគ្នានោះផងដែរ អ៊ុំ រាត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបាននាំកូន នាំចៅនិងក្មួយៗ ទៅទទួលការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ និងត្រូវមកតាមការកំណត់របស់អាជ្ញាធរ ជៀសវាងមកប្រជ្រៀតគ្នា ត្រូវរក្សាគម្លាតសុវត្ថិភាព ការប្រើអាល់កុល ជែលលាងដៃ និងពាក់ម៉ាស់ ៕
ដោយ ៖ វណ្ណា