ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តតាកែវ ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារអាយុ៥ឆ្នាំ នៅភូមិសាស្រ្តខេត្តតាកែវ

ចែករំលែក៖

ខេត្ត​តាកែវ៖ លោក អ៊ូច ភា អភិបាល នៃគណៈអភិបាល ខេត្តតាកែវ រួមជាមួយ លោក ខាន់ សុខា និង លោកស្រី គា សុភូ អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការពាក់ព័ន្ធ និងកងកម្លាំងទាំងបី នៅព្រឹកថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ​ បានអញ្ជើញចូលរួមបើកយុទ្ធនា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារអាយុ ៥ឆ្នាំ នៅសង្កាត់បារាយណ៍ ក៏ដូចជាទូទាំងខេត្ត ដើម្បីចូលរួមទប់ស្កាត់ និងបង្ការការឆ្លង រីករាលដាល នៃជំងឺកូវីដ១៩នេះ ដែលកំពុងរាតត្បាតជាសកល។

មានប្រសាសន៍នៅក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លោក អ៊ូច ភា អភិបាលខេត្ត បានធ្វើការថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលកន្លងមកបានយកចិត្តទុកដាក់ខ្ពស់ចំពោះក្មួយៗកុមារ ដែលមានអាយុចាប់ពី៥ ឆ្នាំដល់ក្រោម ១២ឆ្នាំ ហើយក្នុងថ្ងៃនេះ បានដំណើរការចាក់វ៉ាក់សាំងជូនកុមារអាយុ ៥ឆ្នាំ ទូទាំងប្រទេស ដោយឡែកទូទាំង ខេត្តតាកែវ ក៏បានដំណើរការផងដែរ ដោយបានដាក់ចេញយុទ្ធនាការជាតិចាក់វ៉ាក់សាំងការពារជំងឺ កូវីដ១៩ ដែលសម្ដេចបានខិតខំខ្នះខ្នែងស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដើម្បីការពារជីវិតប្រជាជន នៅទូទាំងប្រទេសក៏ដូចជានៅក្នុងខេត្តតាកែវ ចៀសផុតពីជំងឺដ៏កាចសាហាវនេះ។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់ អាណាព្យាបាល របស់កុមារ ដែលគ្រប់អាយុ ត្រូវមកចាក់វ៉ាក់សាំងទាំងអស់ ត្រូវភ្ជាប់មកជាមួយនូវ សំបុត្រកំណើត សៀវភៅគ្រួសារ ឬឯកសារបញ្ចាក់អត្តសញ្ញាណ ដើម្បីធានា អះអាង៕

ដោយ​៖សហការី​


ចែករំលែក៖