ព័ត៌មានទាន់ហេតុការណ៍៖

Ibrahimovic ស៊ុតបញ្ចូលទីគ្រាប់ទី៤០០ក្នុងលីគអាជីព ខណៈដែល AC Milan យកឈ្នះ Roma

ចែករំលែក៖

ខ្សែប្រយុទ្ធវ័យជ្រេ Zlatan Ibrahimovic បានស៊ុតបាល់បញ្ចូលទីគ្រាប់ទី៤០០របស់គាត់ក្នុងលីគ ខណៈដែលក្រុម AC Milan ដណ្តើមបានជ័យជម្នះលើក្រុម Roma ក្នុងក្របខ័ណ្ឌ Serie A កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែវិច្ឆិកានេះ។

Ibrahimovic វ័យ៤០ឆ្នាំបានបើកការស៊ុតបញ្ចូលទីដោយការទាត់បាល់ហ្វ្រីឃីតនៅនាទីទី២៥ ហើយកីឡាករ Franck Kessie រកបាន១គ្រាប់ទៀតនៅនាទីទី៥៧ ដោយបាល់ប៉េណាល់ទី បន្ទាប់ពីកីឡាករ Roger Ibanez របស់ Roma បានបង្កកំហុសលើកីឡាករស៊ុយអែត។

ជាមួយគ្នានោះកីឡាករ Theo Hernandez របស់ក្រុម AC Milan ត្រូវបានបណ្តេញចេញដោយសារបង្កកំហុសទៅលើកីឡាករក្រុម Roma។ នៅនាទីទី៩០+៣ កីឡាករ Stephan El Shaarawy របស់ក្រុម Roma បានស៊ុតបញ្ចូលទីក្នុងម៉ោងបន្ថែម ធ្វើឲ្យចប់ការប្រកួតក្រុមភ្ញៀវ AC Milan យកឈ្នះក្រុមម្ចាស់ផ្ទះ Roma ក្នុងលទ្ធផល២ទល់១ ។

ក្នុងការប្រកួតកាលពីយប់ថ្ងៃអាទិត្យដែរ ក្រុម Napoli បានយកឈ្នះ ១-០ លើក្រុម Salernitana ហើយដូចជា AC Milan បានឈ្នះ១០ប្រកួតក្នុងចំណោម១១ប្រកួតដំបូងរបស់ពួកគេក្នុងរដូវកាលនេះ។

លទ្ធផលនេះធ្វើឲ្យក្រុម AC Milan មាន៣១ពិន្ទុ ក្នុង១១ប្រកួត ស្មើជាមួយក្រុមកំពូលតារាង Napoli ដែលមាន៣១ពិន្ទុដូចគ្នា។ ក្រុម AC Milan នឹងត្រូវធ្វើការធ្ងន់ដោយត្រូវប៉ះក្រុមភ្ញៀវ Porto ក្នុងក្របខ័ណ្ឌ Champions League នៅថ្ងៃទី៤ ខែវិច្ឆិកាខាងមុខ ខណៈដែលក្រុម Napoli នឹងត្រូវប៉ះក្រុម Legia Warsaw ក្នុងក្របខ័ណ្ឌ Europa League នៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖