ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានប្រកាសពីការកំណត់តម្លៃលក់រាយប្រេងឥន្ធនៈ តាមស្ថានីយនានាទូទាំងប្រទេស ចាប់ពីថ្ងៃទី០១-១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយប្រេងសាំងធម្មតាត្រូវលក់ថ្លៃ ៤.៥៥០៛/លីត្រ និងប្រេងម៉ាស៊ូតត្រូវថ្លៃ ៤.១០០៛/លីត្រ។
– យោងប្រកាសអន្តរក្រសួងលេខ១៧២ពណ. អវឯ.ប្រក ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែ និងថាមពល ស្តីពីការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយ
ប្រេងឥន្ធនៈនៅកម្ពុជា – យោងលើការព្រមព្រៀង លើរូបមន្តកំណត់តម្លៃជាមួយក្រុមហ៊ុនប្រេងឥន្ធនៈដែលប្រកបអាជីវកម្មនៅកម្ពុជា
យោងការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី០១ ដល់ ១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នឹងត្រូវលក់ ៤.៧១០រៀល/១លីត្រ សម្រាប់សាំងធម្មតា EA92 និង ៤.២៦០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់ រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៤សេនដុល្លារ/លីត្រ ។
ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្តចាប់ពីថ្ងៃទី០១ ដល់ ១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នឹងចុះមក ៤.៥៥០ រៀល/លីត្រ សម្រាប់សាំងធម្មតា FA និង ៤.១០០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត ។ ការគណនាថ្លៃលក់រាយប្រេងឥន្ធនៈមានលម្អិតដូចតារាងខាងក្រោម៕
ដោយ ៖ សិលា