ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃទី១ វិច្ឆិកានេះ សាលារៀនទាំងរដ្ឋ និងឯកជនគ្រប់កម្រិត ចាប់ផ្តើមដំណើរការសិក្សាក្នុងថ្នាក់ឡើងវិញ ប្រកាន់នូវវិធានសុខាភិបាល

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សាលារៀនគ្រប់កម្រិតទាំងអស់ ទាំងសាលារដ្ឋ និងឯកជនទូទាំងប្រទេស ចាប់ផ្តើមបើកដំណើរការសិក្សាក្នុងថ្នាក់រៀនឡើងវិញ។ដោយនៅព្រឹកថ្ងៃនេះនៅតាមដងផ្លូវគេសង្កេតឃើញមាតាបិតា អាណាព្យាបាលសិស្សានុសិស្ស បានដឹកជញ្ជូនកូនៗរបស់ពួកគេទៅសាលារៀនជាហូរហែ។

បើយោងតាមលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា ការសម្រេចពង្រីកវិសាលភាពបើកដំណើរការបង្រៀន និងរៀន តាមបណ្ដុំ (ក្នុងថ្នាក់) សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន និងគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ ធ្វើឡើងយោងលើលទ្ធផល អាចទទួលយកបាន នៃការបើកដំណើរការសាលា រៀនសាកល្បងកន្លងមក។

លោកបន្តថា បើទោះបីជាមានការអនុញ្ញាតឲ្យបើកដំណើរការ ការបង្រៀន និងរៀនក្នុងថ្នាក់ឡើងវិញនៅក្តី ប៉ុន្តែវិធានសុខភាពត្រូវបានប្រកាន់ភ្ជាប់ និងអនុវត្តន៍ឲ្យម៉ឺងម៉ាត់ នៅតាមសាលា រៀនទាំងអស់។ ការរៀន និងបង្រៀនត្រូវបន្តអនុវត្តតាមបែបចម្រុះ គឺរៀនក្នុងថ្នាក់ផង រៀនតាមអនឡាញផង អមដោយសន្លឹកកិច្ចការជំនួយ ដោយកំណត់សិស្សពី ១៥ ទៅ ២០ នាក់ក្នុងមួយថ្នាក់ និងរៀនឆ្លាស់វេនគ្នា។

ជាមួយគ្នានេះ ដោយសារតែការបើកដំណើរការសាលារៀនឡើងវិញ ធ្វើឲ្យចរាចរណ៍មមាញឹកខ្លាំង អ្នកនាំពាក្យក្រសួងអប់រំ បានអំពាវនាវដល់មាតាបិតាសិស្សានុសិស្ស បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងគោរពនូវវិធានសុខាភិបាល និងអនុវត្តន៍ ៣ការពារ និង ៣កុំ៕

ដោយ៖ សូរិយា


ចែករំលែក៖