ថៃបានចាប់ផ្តើមបើកទ្វារទទួលអ្នកទេសចរមកពី៦៣ប្រទេស និងដែនដីនៅជុំវិញពិភពលោក ។ ការបើកទ្វារគឺជាក្តីសង្ឃឹមលាយឡំនឹងការព្រួយបារម្ភពីស្ថានភាពនៃការឆ្លងរាលដាលកូវីដ-១៩។
នៅថ្ងៃទី១ខែវិច្ឆិកា ថៃបានចាប់ផ្តើមបើកទ្វារប្រទេសឡើងវិញក្រោយរយៈពេល២ឆ្នាំបានបិទដោយសារតែការឆ្លងកូវីដ-១៩ នៅថ្ងៃទី១ខែវិច្ឆិកានេះថៃបានចាប់ផ្តើមទទួលអ្នកទេសចរមកពី៦៣ប្រទេសនិងដែនដី ។
តាមការស្ទង់មតិមានពលរដ្ឋថៃដល់ទៅ ៩២,៤% បង្ហាញពីក្តីបារម្ភក្រោយការបើកទ្វារអាចបង្កឱ្យមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់។ មកទល់ពេលនេះថៃបានចាក់វ៉ាក់សាំងជូនពលរដ្ឋបានជិត ៨០លានដូសហើយ ប៉ុន្តែមានមនុស្សពេញវ័យតែ ៤២%ប៉ុណ្ណោះបានចាក់វ៉ាក់សាំងគ្រប់ចំនួន២ដូស។
ពាក់ព័ន្ធការឆ្លងកូវីដ-១៩ ក្រសួងសុខាភិបាលថៃនៅថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៨,១៦៥ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ មានអ្នកជំងឺចំនួន ៥៥នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៩,៥៧៤នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,៩២០,១៨៩ករណី ក្នុងនោះមានអ្នកស្លាប់ ១៩,២៦០នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,៨០១,៧០២នាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ៧៤.៨១លានដូស ក្នុងនោះប្រជាជន ៣០.៤២លាននាក់ (៤៣.៥% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ ដោយ៖ធីរីណា
រូបថត៖Getty
រូបថត៖TTXVN.VNA