ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថក្រុងប៉ោយប៉ែតបញ្ជូនជនសង្ស័យ៤នាក់ទៅតុលាការ ក្នុងចំណោមនោះម្នាក់វិជ្ជមានកូវីដ-១៩

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ អាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ពាក់ព័ន្ធអំពើលួច(ម៉ូតូ) បញ្ជូនទៅតុលាការចំនួន០៣នាក់ និងម្នាក់ទៀត បញ្ជូនទៅព្យាបាលនៅមណ្ឌលចត្តាឡីស័ក នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមួលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានប្រាប់ថា ជនសង្ស័យទី១ ឈ្មោះ ភិន ភ័ក្ត្រ ភេទប្រុស អាយុ ១៩ឆ្នាំ ទី២.អឿន បូ ភេទប្រុស អាយុ ១៦ឆ្នាំ  ទី៣.ឈ្មោះ នាង វិបុល ហៅឡុង ភេទប្រុស អាយុ៤១ឆ្នាំ ទាំង៣នាក់ខាងលើ រស់នៅក្នុង សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងទី៤.ឈ្មោះ ទុយ សុភាព ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅឃុំនិមិត្ត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោក នួន នីណារ៉ូ បញ្ជាក់ថា តាមពាក្យបណ្តឹងជនរងគ្រោះ និងភស្តុតាងតាមវីដេអូកាមេរ៉ាសុវត្ថិភាព កម្លាំងស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើតែម្តង។ ក្រោយពីឃាត់ខ្លួនជនសង្ស័យបានសារភាពថា នៅយប់រំលងអធ្រាត្រថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ដោយម្ចាស់ទុកចោលមុខបន្ទប់ជួលរួចចូលទៅដេក ពួកគេបានធ្វើសកម្មភាពលួចកាច់សោរយកម៉ូតូ នៅ ផ្ទះជួលមួយកន្លែងនៅក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតពិតប្រាកដមែន។

លោកមេបញ្ជាការបញ្ជាក់បន្ថែមថា បន្ទាប់ពីពួកគេលួចម៉ូតូបានរួចមក ក្រុមជនសង្ស័យក៏បានយកទៅបញ្ចាំឲ្យឈ្មោះ ហេង ប៉ុន្តែ ជនទទួលផលចោរកម្មខាងលើដឹងខ្លួនមុនបានរត់គេចបាត់ស្រមោល បន្សល់វត្ថុតាងតែម៉ូតូ យកឲ្យម្ចាស់ដើមវិញ។ 

ចំពោះជនសង្ស័យទាំង៤នាក់វិញ ត្រូវបានជំនាញនៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូន៣នាក់ទៅសាលាដំបូងខេត្តចាត់ការបន្តតាមច្បាប់ រីឯម្នាក់ទៀតមានវិជ្ជមានកូវីដ-១៩ ត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលខ្លាកូនក្រុងសិរីសោភ័ណ រង់ចាំជាសះស្បើយ ដើម្បីចាត់ការតាមច្បាប់បន្ត៕

ដោយ ៖ វណ្ណា


ចែករំលែក៖