ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល ណែនាំពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារ និងប្រជាពលរដ្ឋអាយុចាប់ពី ៦ឆ្នាំឡើង ដែលនៅសេសសល់ ក្រោយពីការប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី​១

ចែករំលែក៖

ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំ ស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារ និងប្រជាពលរដ្ឋអាយុចាប់ពី ៦ឆ្នាំឡើង ដែលនៅសេសសល់ ក្រោយពីការប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី​១ ។ 

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) សូមជម្រាបជូនដល់ សាធារណជនទាំងអស់ជ្រាបថា បន្ទាប់ពីការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ និងកុមារ ដែលមាន អាយុចាប់ពី៦ឆ្នាំឡើង (ក្នុងនេះមានលោកយាយ លោកតា ដែលមានអាយុ១០០ឆ្នាំឡើងផងដែរ) (គ.វ.ក-១៩( ពិនិត្យ ឃើញថា មានកុមារ និងប្រជាពលរដ្ឋជាច្រើនកុះករ បានអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស។ ស្របពេលជាមួយគ្នានេះដែរ (គ.វ.ក-១៩) សង្កេតឃើញថានៅមានកុមារ និងប្រជាពលរដ្ឋមានអាយុចាប់ ពី៦ឆ្នាំឡើងមួយចំនួនតូចមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ នៅឡើយ ដោយសារមូលហេតុផ្សេងៗ។

យោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងពិធីបិទការចាក់វ៉ាក់សាំងអាយុចាប់ពី៦ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងប្រទេស និងប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកុមារអាយុ ៥ឆ្នាំ នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ (គ.វ.ក-១៩) សូមធ្វើការអំពាវនាវដល់អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ចាប់ពី ៦ឆ្នាំឡើង ទាំងអស់ សូមរួសរាន់ស្ម័គ្រចិត្តទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩. នៅតាមមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាព (មូលដ្ឋានសុខាភិបាលសាធារណៈ ដែលស្ថិតនៅជិតទីសំណាក់របស់បងប្អូនឱ្យបានគ្រប់ៗគ្នា ដោយភ្ជាប់ទៅជាមួយនូវ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬសំបុត្រកំណើត ឬសំបុត្របញ្ជាក់ កំណើត ដោយមិនចាំបាច់មានការបញ្ជាក់លិខិតស្នាមអ្វីផ្សេងៗទៀតឡើយ ទោះបីជាបងប្អូនអញ្ជើញទៅចាក់វ៉ាក់សាំង កូវីដ-១៩ នៅតាមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ណាក៏ដោយ។

ដើម្បីឱ្យការងារចាក់វ៉ាក់សាំងកូវីដ-១៩ ប្រព្រឹត្តទៅកាន់តែរលូន សូមលោក លោកស្រី អភិបាល នៃគណៈអភិបាល រាជធានី-ខេត្ត និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌរាជធានី-ខេត្តទាំងអស់អនុវត្ត តាមការណែនាំដូចតទៅ៖

បន្តផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់កុមារ និងប្រជាពលរដ្ឋដែលមានអាយុចាប់ពី ៦ឆ្នាំឡើង ដែល នៅសេសសល់ជាបន្តទៀត នៅតាមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ នៃមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាព ដែលមានស្រាប់ទោះបីជាយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ សម្រាប់ក្រុមអាយុ ៦ឆ្នាំឡើងត្រូវ បានបិទបញ្ចប់រួចហើយក៏ដោយ៕

ដោយ ៖ សិលា


ចែករំលែក៖