ព័ត៌មានទាន់ហេតុការណ៍៖

យ៉ាង​​ហោច​ណាស់ក៏មានមនុស្ស៦​នាក់​បានស្លាប់​ក្នុង​ករណី​រលំ​អគារ​ខ្ពស់​នៅ​ប្រទេស​នី​ហ្សេ​រី​យ៉ា

ចែករំលែក៖

​អន្តរជាតិ​៖ ​បេី​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP​ បានចុះផ្សាយថា​ ​មានមនុស្ស​យ៉ាង​​ហោចណាស់ចំនួន​ ៦​នាក់បានស្លាប់​ និង​មនុស្ស​រាប់​សិប​នាក់​ទៀត​កំពុងជាប់​នៅក្នុង​គំនរ​បាក់បែក​ ខណៈដែលមានករណីរលំអគារ​ខ្ពស់មួយ​ នៅ​ក្នុង​រដ្ឋធានី​ពាណិជ្ជកម្ម​ឡាហ្គោ​របស់​ប្រទេស​នី​ហ្សេ​រី​យ៉ា​ កាលពី​ថ្ងៃ​ចន្ទ​ទី​១​ ខែវិច្ឆិកា​ ​ឆ្នាំ​២០២១​ ដែល​អគារនោះ​កំពុងតែ​សាងសង់​​។​

​ទីភ្នាក់ងារ​ AFP​ បានរាយការណ៍ពី​កន្លែងកើតហេតុ​ ដោយ​បានបញ្ជាក់​ថា៖ គ្រឿង​ចក្រ​អេស្កាវ៉ាទ័រ​ ពណ៌​លឿង​ ​បាន​កាយ​បេតុង​ចេញ​ដើម្បី​ស្វែងរក​អ្នក​នៅ​រស់​ពី​គំនរ​អគារ​កម្ពស់២១ជាន់​ នៅ​ក្នុង​សង្កាត់​ពាណិជ្ជកម្ម​ ​និង​លំនៅឋាន​អ្នកមាន​ស្តុកស្តុម្ភ អុីកូយី របស់​ទីក្រុង​ឡាហ្គោ​។​

​បើតាមលោក អុីប្រាហ៊ីម ហ្វា​រីន​ឡូ​យ៉េ មក​ពី​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះអាសន្ន​ជាតិ (NEMA)​ ​បាន​និយាយថា​ កម្មករ​ជា​ច្រើន​នាក់​បាន​ជាប់​នៅ​ខាងក្នុង​អគារ​នៅពេល​វា​ដួល​រលំ ប៉ុន្តែ​ពួកគេ​មិន​អាច​បញ្ជាក់​ពីចំនួន​មនុស្ស​ដែល​ជាប់​នៅ​ខាងក្នុង​បាន​នៅឡើយ​​ ខណៈ​ដែលមនុស្ស​ចំនួន​ ៤​នាក់​ត្រូវបាន​ជួយសង្គ្រោះ​មកទល់​ពេល​នេះ​ហើយ​។ ចំណែក​សាកសព​មនុស្ស​ចំនួន​ ៦​នាក់​ក៏​ត្រូវបាន​ទាញ​​ចេញពី​កន្លែងកើតហេតុ​ដែរ​។
ដោយឡែក​ជុំវិញករណីនេះលោក បា​បា​ជី​ដេ សាន​វ៉ូ​អូ​លូ ដែលជា ​អភិបាលក្រុង​ឡាហ្គោ​ កាលពី​យប់​ថ្ងៃ​ចន្ទម្សិលមិញនេះ​ ក្រោយហេតុការណ៍​កេីត​ឡេីង​ ក៏បាន​អំពាវនាវ​ឱ្យ​មាន​ភាពស្ងប់ស្ងាត់​ ខណៈ​ដែលកិច្ចខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ​បាន​បន្ត​ទាំង​យប់​ងងឹត​៕ដោយ​៖ស​ តារា​

រូបភាព​៖AFP


ចែករំលែក៖