ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តពោធិ៍សាត់ជួបប្រជុំជាមួយម្ចាស់គម្រោងកែលម្អផ្លូវ និងប្រព័ន្ធលូក្នុងក្រុងពោធិ៍សាត់ ដើម្បីពន្លឿនឲ្យបានឆាប់រហ័ស

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ដោយពិនិត្យឃើញការស្ថាបនាប្រព័ន្ធលូ និងផ្លូវក្នុងក្រុងពោធិ៍សាត់សព្វថ្ងៃ កន្លែងខ្លះដាក់លូរួចហើយមិនប្រញាប់ធ្វើផ្លូវ នាំឲ្យពេលភ្លៀងម្ដងៗដីហូរចូលក្នុងលូវិញ និងបង្កការលំបាកខ្លាំងក្នុងការធ្វើដំណើរ ដូច្នេះលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានជួបប្រជុំពិភាក្សាការងារជាមួយម្ចាស់គម្រោងកែលម្អផ្លូវ និងប្រព័ន្ធលូក្នុងក្រុងពោធិ៍សាត់ ដើម្បីពន្លឿនការស្ថាបនាឲ្យបានឆាប់រហ័ស ។

កិច្ចប្រជុំនេះបានប្រារព្វធ្វើឡើងនៅបន្ទប់វីដេអូខន់ហ្វើរិននៃរដ្ឋបាលសាលាខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ដោយមានការចូលរួមពី លោក អុឹង គឹមលាង អភិបាលខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលក្រុងពោធិ៍សាត់ ការិយាល័យចំណុះរដ្ឋបាលខេត្ត, តំណាងADB តំណាងក្រុមហ៊ុនស្ថាបនាប្រព័ន្ធលូ និងក្រុមហ៊ុនស្ថាបនាផ្លូវផងដែរ ។

ម្ចាស់គម្រោងកែលម្អលូ និងផ្លូវក្នុងក្រុងពោធិ៍សាត់បានឲ្យដឹងថា គម្រោងកែលម្អរគ្រប់គ្រងបរិស្ថានជុំវិញបឹងទន្លេសាប អនុវត្តដោយក្រសួងសាធារណៈការ និងដឹកជញ្ជូន បានចាប់ផ្ដើមពីថ្ងៃទី២២ ខែមករាឆ្នាំ២០២០ និងគ្រោងបញ្ចប់នៅថ្ងៃទី៦ ខែធ្នូឆ្នាំ២០២១ ។ ការអនុវត្តគម្រោងគិតត្រឹមថ្ងៃទី៣១ ខែតុលាឆ្នាំ២០២១ សមិទ្ធផលសំខាន់ៗដែលសម្រេចបានរួមមាន៖ អាងប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងនោះមានអគាររដ្ឋបាល កន្លែងសម្ងួតភក់ និងប្រព័ន្ធអាងប្រព្រឹត្តកម្ម ។ ប្រព័ន្ធលូមានប្រឡាយដី ការងារប្រព័ន្ធលូក្នុងក្រុង ទំនប់ភូមិកោះ ហើយវឌ្ឍនភាពការងារសម្រាប់គម្រោងសម្រេចបានប្រមាណ៧៨,៨០%ហើយ ។ ការងារបន្ថែមលើគម្រោងដែលកំពុងអនុវត្ត មានកែលម្អឡើងវិញពីផ្លូវDBSTចាស់ ទៅDBSTថ្មីប្រវែងជាង១៥គ.ម, ផ្លូវគ្រួសក្រហមចាស់ទៅDBSTថ្មីប្រវែងជាង២គម, ផ្លូវបេតុងជុំវិញផ្សារប្រវែង១,៥៣គម, សាងសង់បន្ថែមប្រព័ន្ធលូថ្មីចំនួន៣ខ្សែ, លូរំដោះទឹកប្រឡាយចំនួន២កន្លែង និងទំនប់បង្ហៀរនៅចុងប្រឡាយចំនួន១កន្លែង ។ ការដាក់ប្រព័ន្ធលូចំកណ្ដាលផ្លូវកាត់បន្ថយផលប៉ះពាល់ដីធ្លី ផ្ទះសម្បែង របងផ្ទះ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋផងដែរ ។

ក្រុមហ៊ុនម៉ៅការបានឲ្យដឹងថា ការងារស្ថាបនាផ្លូវនេះក្រុមហ៊ុនបានដាក់ឯកសារទៅក្រុមប្រឹក្សាបច្ចេកទេសរយៈពេលជាងមួយសប្ដាហ៍ហើយ ហើយក៍បានត្រៀមក្ខណៈរួចជាស្រេចដែរ រង់ចាំតែក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងADBសម្រេច និងទម្លាក់ថវិការឲ្យចាប់ផ្ដើមដំណើរការសាងសង់ផ្លូវតែប៉ុណ្ណោះ ។

ក្នុងនោះ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់មានប្រសាសន៍ថា ការស្ថាបនាប្រព័ន្ធលូ និងផ្លូវក្នុងក្រុងពោធិ៍សាត់នេះ បើមានការជំទាស់រារាំងដោយប្រការណាមួយពីប្រជាពលរដ្ឋ សូមរាយការណ៍មករដ្ឋបាលខេត្តឲ្យបានដឹង ដើម្បីជួយសម្របសម្រួលកុំឲ្យរាំងស្ទះការងារនាំឲ្យអូសបន្លាយយូរ ។ តាមកំណាត់ផ្លូវនីមួយៗ លោក អភិបាលខេត្តសំណូមពរឲ្យក្រុមហ៊ុនក៍ដូចម្ចាស់គម្រោង ពេលធ្វើលូរួចគួរតែធ្វើផ្លូវកៅស៊ូតាមក្រោយតែម្ដង ចៀសវាងទុកចោលយូរនាំឲ្យពេលភ្លៀងម្ដងៗបង្កការលំបាកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ហើយដីក៍ហូរចូលលូវិញទៀត ។

លោក អភិបាលបន្តទៀតថា នៅឆ្នាំ២០២២ និងឆ្នាំ២០២៣ខាងមុខនេះ មានការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទូទាំងប្រទេស និងបោះឆ្នោតរដ្ឋសភាជាតិ ដូច្នេះរដ្ឋបាលខេត្តត្រូវការចាំបាច់ក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងផលប្រយោជន៍សាធារណៈ ។ ដូច្នេះក្រុមហ៊ុនមានលទ្ធភាពធ្វើយ៉ាងណាជួយពន្លឿនការងារស្ថាបនាផ្លូវនេះ ឲ្យបានឆាប់រួចរាល់ ដោយរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាដោះស្រាយ ចៀសវាងមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ ៕

ដោយៈ បុឹម ពិន


ចែករំលែក៖