ខេត្តប៉ៃលិន ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអំពាវនាវឱ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចទាំងអស់ បន្តយកចិត្តទុកដាក់ផ្សព្វផ្សាយអប់រំ អំពីគ្រាប់មីន និងសំណល់ជាតិផ្ទុះ ដែលសេសសល់ពីសង្រ្គាមឲ្យបានទូលំទូលាយជូនប្រជាពលរដ្ឋ ជាពិសេសត្រូវធ្វើសេចក្តីរាយការណ៍ជាប្រចាំជូនដល់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្ត-ក្រុង ស្រុក ឃុំ-សង្កាត់ អំពីស្ថានភាពគ្រោះថ្នាក់ និងបញ្ហាមីននៅតាមមូលដ្ឋាន ដើម្បីមានការណែនាំ និងចំណាត់ការបន្ថែម ។
នេះជាការអំពាវនាវរបស់លោក លី ធុជ ទេសរដ្ឋមន្រ្តី ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន ក្នុងពិធីតម្លើងផ្ទាំងប៉ាណូផ្សព្វផ្សាយការអប់រំការយល់ដឹងអំពីមីន និងសំណល់ជាតិផ្ទុះ ដែលសេសសល់ពីសម័យសង្រ្គាម នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅបណ្តោយបន្ទាត់ព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលក្នុងពិធីនេះ មានការចូលរួមពីលោក ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន តំណាងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ។
លោកទេសរដ្ឋមន្រ្តី ក៏បានជម្រុញឲ្យមន្រ្តីនគរបាលប៉ុស្តិ៍ តាមបណ្តោយព្រំដែន បន្តជួយផ្ស ព្វផ្សាយជូនចំពោះបងប្អូនពលករ មិនត្រូវប្រថុយប្រថានចូលក្នុងតំបន់ដែលមិនស្គាល់ទីតាំងភូមិសាស្រ្តច្បាស់លាស់ក្នុងបំណងណាមួយ ដូចជាប្រើប្រាស់ដី រុករកអនុផលព្រៃឈើ ធ្វើដំណើរឆ្លងកាត់ មិនត្រូវប៉ះពាល់គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមជាដាច់ខាត ហើយត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ប្រតិបត្តិករបោសសម្អាតមីន ឬសមត្ថកិច្ចនគរបាលជាបន្ទាន់ នៅពេលបានឃើញ បានដឹងពីកន្លែងមានមីន សំណល់ជាតិផ្ទុះពីសម័យសង្គ្រាមនេះ។
លោកទេសរដ្ឋមន្រ្តី បានពាំនាំមកនូវបណ្តាំសាកសួរសុខទុក្ខរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមីនគ្រប់លំដាប់ថ្នាក់នៅខេត្តប៉ៃលិន។ ហើយលោកទេសរដ្ឋមន្រ្តី ក៏បានជម្រុញឲ្យអាណាព្យាបាល ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះសុខសុវត្ថិភាពរបស់កូនៗ ដោយត្រូវណែនាំឲ្យមានប្រុងប្រយ័ត្ន និងត្រូវស្ថិតនៅចៀសឲ្យឆ្ងាយពីយុទ្ធភណ្ឌ មិនទាន់ផ្ទុះ និងតំបន់សង្ស័យថាមានមីននិងគ្រាប់។
បើយោងតាមរបាយណ៍របស់អាជ្ញាធរមីនបានអោយដឹងថា ៖ គិតត្រឹមខែកញ្ញា ឆ្នាំ២០២១ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានផ្ទៃដីបោសសម្អាតរួចបានប្រមាណ ១៤.៥ គីឡូម៉ែត្រក្រឡា រកឃើញ និងកំទេចចោលមីនប្រឆាំងមនុស្សចំនួន ២៤,៧៩០ គ្រាប់ មីនតោនចំនួន៧៣គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន៨,៩៣០គ្រាប់ និងផ្ទៃដីដែលនៅសល់ប្រមាណជាង១.៦គីឡូម៉ែត្រក្រឡា។ យោងតាមទិន្នន័យ CMVIS របស់អាជ្ញាធរមីន ចាប់ពីឆ្នាំ១៩៧៩ ដល់ខែតុលា ឆ្នាំ២០២១ ជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមសរុបចំនួន៤៤៦នាក់ ស្មើនឹង៣១% នៃជនរងគ្រោះទូទាំងខេត្តប៉ៃលិន ក្នុងនោះដោយសារមីនចំនួន៣៨៩នាក់ និងគ្រាប់ចំនួន៥៧នាក់។សូមបញ្ជាក់ផងដែរថា ៖ សម្រាប់ខេត្តប៉ៃលិន គិតត្រឹមខែកញ្ញា ឆ្នាំ២០២១ ផ្ទៃដីបោសសម្អាតរួចបានចំនួន៧៨,៩៨៧,០៤៦ ម៉ែត្រក្រឡា (ប្រមាណ៧៩គីឡូម៉ែត្រក្រឡា) រកឃើញ និងកំទេចចោលមីនប្រឆាំងមនុស្សបានចំនួន ៥៤,៦១៧ គ្រាប់ មីនតោនចំនួន៤០៤ គ្រាប់និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន២៣,៤២២ គ្រាប់។ ហើយផ្ទៃដីដែលនៅសល់ចំនួន២៥,៥២៣,៧៦៣ ម៉ែត្រក្រឡា (ប្រមា ណ ២៥.៥ គីឡូម៉ែត្រក្រឡា) ដែលបានសបន្សល់ទុកគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះដោយសារភ្លើងសង្គ្រាមគ្រប់ទីកន្លែង ហើយអាជ្ញាធរមីននៅកម្ពុជា នឹងខិតខំប្រឹងប្រែងបោសសម្អាតមីនឱ្យអស់តាមផែន ការគ្រោងទុកផងដែរ ៕
ដោយ៖ សិលា