ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានទទួលជួបពិភាក្សាការងារជាមួយលោក អាណាតូលី បូរ៉ូវិក ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា នៅស្ថាតទូតរុស្ស៊ី ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍នៃប្រទេសទាំងពីរ។
ជំនួបនេះដែរសំដៅរៀបចំឲ្យមានការមកទស្សនារបស់ទេសចររុស្ស៊ីនៅកម្ពុជាឡើងវិញ ក្រោមយុទ្ធសាស្ត្របើកទេសចរវ៉ាក់សាំង ដែលរាជរដ្ឋាភិបាលបានប្រកាសនាពេលថ្មីៗនេះ ជាពិសេសការបើកតំបន់គោលដៅសុវត្ថិភាព ដូចជា ក្រុងព្រះសីហនុ កោះរុង និងតំបន់តារាសាគរ ចាប់ពីថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ ហើយតំបន់សៀមរាបអង្គរ ក្នុងអំឡុងខែមករា ឆ្នាំ២០២២ ខាងមុខ។
នៅក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី ថោង ខុន បានរំលឹកអំពីការជួយគាំទ្រការអភិវឌ្ឍដល់កម្ពុជាពីប្រជាពលរដ្ឋ និងរដ្ឋាភិបាលរុស្ស៊ី ចាប់តាំងពីថ្ងៃរំដោះប្រទេសពីរបបប៉ុលពត ក៏ដូចជាដំណើរការស្វែងរកសន្តិភាពកម្ពុជា ដោយបានចូលរួមជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
លោករដ្ឋមន្ត្រី បន្ថែមថា ថ្មីៗនេះប្រធានាធិបតី ពូទីន ក៏បានផ្ដល់មេដាយមហាកិត្តិយសថ្នាក់មិត្តភាព ដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបង្ហាញអំពីការកោតសរសើរដល់ការដឹកនាំរបស់សម្ដេចតេជោ រហូតទទួលបានសុខសន្តិភាព និងវិបុលភាពដូចបច្ចុប្បន្ន ក៏ដូចជាកិច្ចខិតខំពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការការទូត មិត្តភាព ជាមួយរុស្ស៊ី។
លោករដ្ឋមន្រី បានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លៀសវៃរបស់សម្ដេចតេជោ ហ៊ុន សែន កម្ពុជាមានភាពជឿនលឿនលើការចាក់វ៉ាក់សាំង ដែលជាគន្លឹះនៃការស្ដារទំនុកចិត្ត និងភាពជឿជាក់នៃសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញ ក្នុងបរិបទនៃគន្លងប្រក្រតីភាពថ្មី ក្នុងនោះវិស័យទេសចរណ៍ក៏កំពុងរៀបចំចាប់ផ្ដើមបើកជាជំហ៊ានៗ ប្រកបដោយការទទួលខុសត្រូវ។
លោក អាណាតូលី បូរ៉ូវិក ក៏បានបង្ហាញអំពីការពេញចិត្តនៃកិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងប្រទេសទាំងពីរកន្លងមក ក៏ដូចជាផែនការ និងយុទ្ធសាស្ត្រដាក់ចុះដោយរាជរដ្ឋាភិបាលនាពេលថ្មីៗ ជាការស្ដារវិស័យទេសចរណ៍ មានដូចជា៖ ផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា អំឡុង និងក្រោយវិបត្តិកូវីដ១៩ ឆ្នាំ២០២០-២០២៥, ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប, ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគីរី, យុទ្ធសាស្ត្របើកទេសចរវ៉ាក់សាំង, វិធាននយោបាយលើការជំរុញទេសចរផ្ទៃក្នុង, ការរៀបចំវិធានសុវត្ថិភាពទេសចរណ៍នានា (SOP) នានាជាដើម។
ភាគីទាំងពីរក៏បានឯកភាព ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងដាក់ចុះនូវផែនការទទួលស្វាគមន៍ទេសចររុស្ស៊ីក្នុងក្របខណ្ឌយុទ្ធសាស្ត្រទេសចរវ៉ាក់សាំងរបស់កម្ពុជាដូចជា៖
ទី១៖ រៀបចំឲ្យមានការមកចុះសិក្សាពិនិត្យ ដោយក្រុមហ៊ុនទេសចររុស្ស៊ី និងបណ្ដាញសារព័ត៌មានរុស្ស៊ី (Far Trip) នាពេលខាងមុខ ដើម្បីផ្សព្វផ្សាយការរៀបចំខ្លួនរួចស្រេច ក្នុងការទទួលទេសចរអន្តរជាតិ។
ទី២៖ អញ្ជើញក្រុមហ៊ុនទេសចរណ៍រុស្ស៊ីចូលរួមការតាំងពិព័រណ៍ខ្នាតតូចល្មមអាចគ្រប់គ្រងបាន នាឱកាសទិវាទេសចរណ៍អាស៊ាន ២០២២ នាខែមករា ចាប់ពីថ្ងៃទី១៦ ដល់ ២២ ដើម្បីអាចជួបទំនាក់ទំនងធុរៈកិច្ចជាមួយក្រុមទេសចរណ៍កម្ពុជា ក៏ដូចក្រុមហ៊ុនក្នុងតំបន់ផងដែរ។
ទី៣៖ រៀបចំឲ្យមានសិក្ខាសាលាធុរៈកិច្ចទេសចរណ៍វាងប្រទេសទាំងពីរ។
ទី៤៖ រៀបចំជំរុញឲ្យមានការហោះហើរត្រង់ កម្ពុជា-រុស្ស៊ី នាពេលខាងមុខ ។
ទី៥៖ ពិនិត្យរៀបចំកម្មវិធីឆ្នាំ២០២២ ជាឆ្នាំទេសចរណ៍ និងវប្បធម៌កម្ពុជា-រុស្ស៊ី ដើម្បីអបអរសាទរខួបទី៦៦ នៃចំណងការទូតនៃប្រទេសទាំងពីរ។
ទី៦៖ ពិនិត្យរៀបចំបន្តកម្មវិធីការងាររួមកម្ពុជា-រុស្ស៊ីលើវិស័យទេសចរណ៍ តាមរយៈការចុះអនុស្សរណយោគយល់ លើកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-រុស្ស៊ី។
ទី៧៖ ពង្រីកកិច្ចសហប្រតិបត្តិការលើការផ្សព្វផ្សាយទេសចរណ៍ ការបង្កើតផលិតផលថ្មី ការវិនិយោគ និងការអភិវឌ្ឍធនធានមនុស្ស។
ទី៨៖ គាំទ្រការររៀបចំកីឡាស៊ីហ្គ៊ាម ២០២៣ (SEA GAMES 2023) នៅកម្ពុជា ជាពិសេសការរៀបចំកីឡាលើទឹក និងក្រោមទឹក។
ទី៩៖ គាំទ្រឲ្យមានការវណ្ដុះបណ្ដាលមគ្គុទេ្ទសក៍និយាយភាសាររុស្ស៊ីតំបន់ឆ្នេរ។
លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា ផ្អែកតាមទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្ត្រ និងសមិទ្ធិផលកន្លងមក កម្ពុជានឹងមានលទ្ធភាពទាក់ទាញទេសចររុស្ស៊ីបន្ថែមទៀត ដែលមុនវិបត្តិកូវីដ១៩ កំណើនពលរដ្ឋរុស្ស៊ីមកទស្សនានៅកម្ពុជា មានកំណើនគួរឲ្យកត់សម្គាល់ រហូតជាងកន្លះលាននាក់ ហើយចំនួននេះនឹងអាចកើនឡើងខ្ពស់ថែមទៀត ដោយរុស្ស៊ីជាប្រភាពទីផ្សារដ៏ធំ មានប្រជាជនជាង ១៤៦លាននាក់។
លោកឯកអគ្គរដ្ឋទូត ក៏បានអរគុណដល់ក្រសួងទេសចរណ៍កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះនៃវេទិកាទេសចរណ៍អាស៊ាន ២០២២ ខាងមុខ និងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៥ និងកិច្ចប្រជុំពាក់ព័ន្ធដែលបានសម្របសម្រួលជំរុញឲ្យមានកិច្ចប្រជុំទេសចរណ៍អាស៊ាន-រុស្ស៊ី រហូតដល់ថ្នាក់រដ្ឋមន្ត្រី ដែលកិច្ចប្រជុំលើកទី ១ នឹងធ្វើឡើង នាឱកាសវេទិកាទេសចរណ៍អាស៊ានខាងមុខ៕
ដោយ៖សហការី