ក្រុងប៉ោយប៉ែត ៖ តាមសេចក្ដីរាយការពីព័ត៌មានថៃកាលពីវេលាម៉ោង២៣៖០០នាទីយប់ ថ្ងៃទី០២ វិច្ឆិកា ២០២១ នៅមន្ទីរពេទ្យវ៉ាំង សំបូរណ៍ ខេត្តស្រះកែវ អធិការនគបាលស្រុកវ៉ាំង សំបូរណ៍ ព្រមទាំងក្រុមការងារ បានធ្វើដំណើរចូលទៅស៊ើបសួររកការពិត ក្រោយពីមន្រ្តីក្រុមសង្រ្គោះខេត្តស្រះកែវនិងក្រុមគ្រូពេទ្រស្រុកវ៉ាំង សំបូរណ៍ នាំគ្នាដឹកសាកសពពលករខ្មែរ និងអ្នករងរបួសជាច្រើន មករុំរបួសនិងព្យាលបាលបឋម ក្រោយរថយន្តដឹកពលករខ្មែរកើតឧបទ្ទវហេតុក្រឡាប់រថយន្ត កាលពីវេលាម៉ោងប្រមាណ២០៖៥០នាទីកន្លងមក នៅបរិវេណផ្លូវបំបែកជា៤រង្វង់មូលភូមិ ខ្លង យ៉ាយអ៊ីន ឃុំវ៉ាំង ថង ស្រុកវ៉ាំង សំបូរណ៍ ខេត្តស្រះកែវ ដោយរថយន្តកើតហេតុ ពាក់ស្លាកលេខอร-4551ក្រុងបាងកក ដឹកពលករខ្មែរយ៉ាងណែនសរុប១៣នាក់ មានមនុស្សស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ៥នាក់ ក្នុងនោះស្រី៣និងប្រុស២នាក់ ដែលម្នាក់ក្នុងនោះគឺអ្នកបើកបរ សម្រាប់អ្នករងរបួសត្រូវបញ្ជូនទៅមន្ទីរពេទ្យវ៉ាំង សំបូរណ៍៨នាក់ ក្នុងនោះរបួសធ្ងន់ម្នាក់ ។
យោងពីមន្រ្តីសង្រ្គោះម្នាក់បានឲ្យដឹងថា ចំណុចចូលឡែម អ្នកឃើញហេតុការណ៍បានរៀបរាប់ថា ខ្លួនកំពុងបើកម៉ូតូត្រឡប់ទៅផ្ទះ និងឈប់ម៉ូតូនិយាយទូរស័ព្ទក្បែរចំណុចកើតហេតុផ្លូវបំបែកជា៤ ខ្លង យ៉ាយអ៊ីន មិនដល់មួយនាទីផង ក៏មានរថយន្តម៉ាកប៊ិកអាប់បើកសំដៅមកយ៉ាងលឿន ឃើញរថយន្តមកបត់និងរេចង្កូតរួចក្រឡាប់នៅលើផ្លូវខាងស្ដាំដៃ និងក្រឡាប់មួយត្រឡប់ទៀត ធ្វើឲ្យរថយន្តក្រឡាប់២ត្រឡប់ ហើយក៏ជ្រុលទៅបុកបង្គោលភ្លើង ទើបរាយការណ៍ទៅអង្គភាពសង្រ្គោះ។
យ៉ាងណាក៏ដោយ ក្រោយដឹកអ្នករងរបួសទៅព្យាបាលបឋម ដោយអ្នករងរបួស២នាក់មានសភាពធ្ងន់ធ្ងរ បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យសម្ដេចព្រះយុវរាជ ស្រះកែវ ដោយឡែកអ្នកស្លាប់ក្រុមគ្រូពេទ្យនិងផ្នែកសង្រ្គោះ ត្រូវស្លៀកឯកសណ្ឋានការពារ ដើម្បីចូលទៅប្រមូលភស្តុតាង ថតរូប ព្រមទាំងត្រួតពិនិត្យរកវីរុសកូវីដ-១៩ ពីសាកសពជនរងគ្រោះ ដែលជំហានដំបូងរកឃើញថា មានពលករខ្មែរម្នាក់ឆ្លងcovid-19ទៀតផង ។
ធ្វើឲ្យសមត្ថកិច្ចត្រូវត្រៀមលក្ខណៈឃ្លាំមើលបន្ត២៤ម៉ោង៕
ទោះយ៉ាងណាយើងមិនទាន់ទទួលព័ត៌មានពីមន្ត្រីអគ្គកុងស៊ុលប្រចាំខេត្តស្រះកែវនៅឡើយ បញ្ហាពលករខ្មែរជួបគ្រោះថ្នាក់បណ្ដាលឲ្យស្លាប់ជាច្រើននាក់ខាងលើនោះ យើងនិងរង់ចាំមើលរបាយការណ៍និងលើកយកមកផ្សព្វផ្សាយបន្ថែម៕
ដោយ ៖ វណ្ណា