ខេត្តបាត់ដំបង ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកមោងឫស្សី កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ បានសហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុក ចុះធ្វើការបង្រ្កាបបទល្មើសនេសាទ១ លើក នៅត្រង់ចំណុចភូមិសាស្រ្តព្រែកជាប់ទន្លេសាប ស្រុកមោងឬស្សី ។
មន្រ្តីនគរបាលស្រុកមោងឫស្សីបានឲ្យដឹងថាក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានកាប់បំផ្លាញសាច់មងចំនួន ១៦៧៨ម៉ែត្រ កាប់បំផ្លាញបង្គោលចំនួន ២៤៤ដើម ឡុក០៤ និងលែងកូនត្រីចម្រុះចំនួន ៣០គីឡូក្រាម ។ ចំណែកឯម្ចាស់ដែលប្រព្រឹត្តបទល្មើសបានរត់គេចខ្លួនមុនពេលសមត្ថកិច្ចចុះទៅដល់។ ចំពោះស្បៃមង និងបង្គោលត្រូវបានដុតកម្ទេចចោលនៅនឹងកន្លែង។
លោក អធិការនគរបាលស្រុក បានអះអាងថា ករណីប្រព្រឹត្តបទល្មើសនេសាទបែបនេះ កម្លាំងរបស់លោកនឹងបន្តបង្រ្កាបឲ្យដូចភ្លៀងរលឹមមិនដកដៃឡើយ៕
ដោយ ៖ ប្រាថ្នា