ក្រុមខ្លាំង២គឺក្រុម Bayern Munich និងក្រុមសេះបង្កង់ Juventus បានឆ្លងផុតវគ្គជម្រុះតាមពូលឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយស្វ័យប្រវត្តិ បើទោះបីវគ្គជម្រុះនេះនៅសល់២ប្រកួតទៀតក៏ដោយ ដោយក្រុមទាំង២មានពិន្ទុដាច់ពីក្រុមលេខ៣ក្នុងពូលរៀងៗខ្លួន។
Bayern Munich បានផ្តួលក្រុមភ្ញៀវ Benfica ៥ទល់២ ដែលខ្សែប្រយុទ្ធ Robert Lewandowski បានកត់សម្គាល់ពីការបង្ហាញខ្លួនក្នុងក្របខ័ណ្ឌ Champions League ជាលើកទី ១០០របស់គាត់ជាមួយនឹងការស៊ុតបញ្ចូលទីបាន៣គ្រាប់ម្នាក់ឯង។
Lewandowski បានរកគ្រាប់បាល់នាំមុខក្រុមភ្ញៀវនៅនាទីទី២៦ គ្រាប់ទី២រកបានដោយកីឡាករ Serge Gnabry នៅនាទីទី៣២ ប៉ុន្តែក្រុមភ្ញៀវ Benfica រកបាន១គ្រាប់សងវិញដោយកីឡាករ Morato នៅនាទីទី៣៦មុនពេលចប់តង់ទី១។ ចូលដល់ការប្រកួតក្នុងតង់ទី២ កីឡាករ Leroy Sane រកបាន១គ្រាប់នាំមុខទៀតនៅនាទីទី៤៩ មុនពេលខ្សែប្រយុទ្ធ Lewandowski រកបាន២គ្រាប់គឺនៅនាទីទី៦១ និងនាទីទី៨៤ ខណៈដែលក្រុមភ្ញៀវរកបាន១គ្រាប់សងវិញនៅនាទីទី៧៤ ដោយកីឡាករ Darwin Nunez ។
ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញ Lewandowski ឥឡូវនេះបានស៊ុតបញ្ចូលទីបាន៨១គ្រាប់ក្នុងក្របខ័ណ្ឌ Champions League រួមទាំងការស៊ុតបញ្ចូលទីចំនួន៤គ្រាប់ក្នុងការបង្ហាញខ្លួនលើកទី១០០របស់គាត់។ គាត់បានស៊ុតបាល់បញ្ចូលទី២២គ្រាប់ក្នុង ១៨ប្រកួតសម្រាប់ Bayern ក្នុងរដូវកាលនេះ រួមទាំង៨គ្រាប់ក្នុង៤ប្រកួតក្នុង Champions League ។
Bayern ដែលបានឈ្នះទាំង៤ប្រកួត និងស៊ុតបញ្ចូលទីកំណត់ត្រារួមគ្នា១៧គ្រាប់នៅដំណាក់កាលនេះ មាន៦ពិន្ទុដាច់ក្រុមលេខ២Barcelona ខណៈដែល Benfica ស្ថិតនៅលេខ៣ មាន៤ពិន្ទុ។ លទ្ធផលនេះធ្វើឲ្យក្រុម Bayern ឡើងទៅកាន់វគ្គ១៦ក្រុមដោយស្វ័យប្រវត្តិបើទោះបីនៅសល់២ប្រកួតទៀតក៏ដោយ ព្រោះក្រុមខ្លាំងមួយមាន១២ពិន្ទុដាច់ក្រុមលេខ៣។
ចំណែកក្រុមខ្លាំងមកពីអុីតាលី Juventus បានកក់កៅអីរបស់ពួកគេក្នុងការប្រកួត Champions League វគ្គ ១៦ក្រុមចុងក្រោយជាមួយនឹងការប្រកួតក្នុងពូលនៅសល់ចំនួន២ប្រកួតទៀត បន្ទាប់ពីខ្សែប្រយុទ្ធអាហ្សង់ទីន Paulo Dybala បានរកបាន២គ្រាប់ជ័យជម្នះឲ្យក្រុមសេះបង្កង់យកឈ្នះ ៤-២ លើក្រុម Zenit St Petersburg កាលពីថ្ងៃអង្គារ។
ចាប់ផ្តើមការប្រកួតក្នុងតង់ទី១ក្រុមម្ចាស់ផ្ទះ Juventus បើកការនាំមុខលើក្រុមភ្ញៀវនៅនាទីទី១១ ដោយខ្សែប្រយុទ្ធDybala នៅនាទីទី១១ ប៉ុន្តែនៅនាទីទី២៦ កីឡាករ Bonucci បានភ្លាត់ស្នៀតស៊ុតចូលទីខ្លួនឯង ធ្វើឲ្យលទ្ធផលក្នុងតង់ទី១ស្មើគ្នា១ទល់១។
ចូលដល់តង់ទី២ ខ្សែប្រយុទ្ធ Dybalaរកបាន១គ្រាប់ទៀតដោយបាល់ប៉េណាល់ទីនៅនាទីទី៥៨ មុនពេលកីឡាករ Federico Chiesa និង Alvaro Morata រកបានម្នាក់១គ្រាប់នៅនាទីទី៧៣ និងនាទីទី៨២ ខណៈនៅនាទីទី៩០+២ កីឡាករ SardarAzmoun រកបានគ្រាប់បាល់១គ្រាប់សម្រាប់ Zenit រហូតចប់ការប្រកួត Juventus ឈ្នះ Zenit ៤ទល់២។
លទ្ធផលនេះធ្វើឲ្យក្រុម Juventus ឈ្នះ៤ប្រកួតជាប់គ្នាមាន១២ពិន្ទុ ដាច់ក្រុមលេខ២ Chelsea ៣ពិន្ទុ និងដាច់ក្រុមលេខ៣ Zenit រហូតដល់៩ពិន្ទុ ដែលធ្វើឲ្យក្រុមនេះមានកៅអីទៅកាន់វគ្គ១៦ក្រុមដោយស្វ័យប្រវត្តិ។
ក្រោយចប់ការប្រកួតគ្រូបង្វឹកក្រុម Juventus លោក MassimilianoAllegri បាននិយាយថា “ក្រុមមានការប្រកួតដ៏ល្អមួយ យើងក៏មានបច្ចេកទេសគួរឱ្យចាប់អារម្មណ៍ផងដែរ។ ភាពខ្លាំង និងភាពក្លាហានរបស់យើងមានសារសំខាន់ ហើយយើងមិនបានបាត់បង់ពិន្ទុរបស់យើងទេ នៅពេលដែលយើងសម្រេចបានគ្រាប់បាល់នោះ” ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters+CNA)