ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ ៖ គម្រោងសាងសង់ផ្សារទំនើបសិនជូរីផ្លាហ្សានឹងបើកដំណើរការនៅមុនពេលចូលឆ្នាំខ្មែរ ឆ្នាំ២០២២ ខាងមុខនេះហើយ

ចែករំលែក៖

     ភ្នំពេញ៖  ក្នុងរយៈពេលជិត២ឆ្នាំនេះ គម្រោងសាងសង់ផ្សារទំនើបសិនជូរីផ្លាហ្សា ដែលមានទីតាំងស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យបានសម្រេចបញ្ចប់ការសាងសង់គ្រឿងបង្គុំអគារហើយនៅថ្ងៃនេះ 

   សំណង់អគារទាំងមូលនឹងបើកដំណើរ ការនៅមុនពេលចូលឆ្នាំខ្មែរឆ្នាំ២០២២ខាងមុខនេះហើយ បើទោះបីប្រទេសកម្ពុជាទទួលឥទ្ធិពលពីការ រាតត្បាតនៃជំងឺកូវីដ-១៩ក៏ដោយ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចប់ជាស្ថាពរនៃការសាងសង់ផ្នែកគ្រឿងបង្គុំសំណង់នៃ គម្រោងសាងសង់អគារផ្សារទំនើបសិនជូរីផ្លាហ្សា នាព្រឹកថ្ងៃទី០៣ វិច្ឆិកាឆ្នាំ២០២១នេះ។

     លោក នួន ផារ័ត្ន បានមានប្រសាសន៍លើកឡើងថា៖ ដើម្បីលើកស្ទួយកិត្យានុភាពរាជធានីភ្នំពេញក្នុងឱកាសនៃកិច្ចប្រជុំធំៗដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ ក៏ដូចជាការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ខាងមុខ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចឱ្យក្រុមហ៊ុនJLECC ធ្វើការអភិវឌ្ឍផ្សារសិនជូរីចាស់ឲ្យក្លាយជាមជ្ឈមណ្ឌលពហុពាណិជ្ជកម្ម ដោយសារតែវានៅក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលជាច្រកចេញចូលដ៏សំខាន់នៃទីក្រុងភ្នំពេញ។ យើងមិនអាចទុកផ្សារចាស់ ដែលធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់និងសោភណភាពរាជធានីភ្នំពេញនោះទេ។ គម្រោងមួយនេះបានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពរបស់លោកឃួង ស្រេង 

អភិបាលរាជធានីភ្នំពេញកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយក្នុងរយៈពេល១ ឆ្នាំ១១ខែ៣ថ្ងៃ គម្រោងផ្សារទំនើបសិនជូរីផ្លាហ្សាសម្រេចបានការសាងសង់គ្រឿងបង្គុំអគារហើយៗសំណង់អគារទាំងមូល នឹងបើកដំណើរការនៅមុនពេលចូលឆ្នាំខ្មែរឆ្នាំ២០២២ខាងមុខនេះ ។

     លោកស្រីឧកញ៉ា ចាន់ សុទ្ធា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា៖ អគារផ្សារទំនើបសិនជូរីផ្លាហ្សាថ្មីនឹងក្លាយជាមជ្ឈមណ្ឌលពហុពាណិជ្ជកម្ម មានទាំងផ្សារកសិកម្ម ផ្សារទំនិញទូទៅ មជ្ឈមណ្ឌលកម្សាន្ត មជ្ឈមណ្ឌលថែទាំសុខភាព- សម្ផស្ស ភោជនីយដ្ឋាន សណ្ឋាគារ ស្កាយបារ

។ល។ ដែលបម្រើតម្រូវការគ្រប់បែបយ៉ាងរបស់អតិថិជន ដែលភាពចម្រុះទាំងនេះរួមមាន៖ ជាន់ផ្ទាល់ដីលក់ត្រី សាច់ បន្លែ ផ្លែឈើដែលជាតម្រូវការជីវភាពប្រចាំថ្ងៃសម្រាប់ប្រជាពលរដ្ឋជុំវិញ ។ ជាន់ទី១ ផ្គត់ផ្គងទំនិញទូទៅ គ្រឿងឧបភោគ បរិភោគ សម្លៀកបំពាក់ គ្រឿងអលង្ការ វត្ថុអនុស្សាវរីយ៍ ។  ជាន់ទី២ ប្រមូលផ្តុំទៅដោយហាងប្រណីតល្បីៗជុំវិញពិភពលោក ជាពិសេសមានសេវាកម្មថែទាំសុខភាពនិងសម្ផស្ស ។-ជាន់ទី៣ មានភោជនីយដ្ឋានដែលប្រជុំទៅដោយរសជាតិល្បីៗទូទាំងពិភពលោក។ ជាន់ទី៤,៥,៦ ជាសណ្ឋាគារលំដាប់ផ្កាយ៤ដែលជាចំណតទីមួយរបស់ភ្ញៀវទេសចរអន្តរជាតិ។ សួនច្បារលើអាកាស អាចឱ្យលោកអ្នកបណ្តែតអារម្មណ៍ទៅតាមខ្យល់ត្រជាក់ និងទស្សនីយភាពដ៏អស្ចារ្យ៕

ដោយ៖ សំរិត


ចែករំលែក៖