ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន អនុញ្ញាតឲ្យប្រើប្រាស់ឱសថ Molnupiravir ព្យាបាលជំងឺកូវីដ១៩ ក្នុងលក្ខខណ្ឌបន្ទាន់។
ក្រសួងសុខាភិបាលបញ្ជាក់ថា, ១.ឯកសារយោង៖ – លិខិតរបស់ក្រសួងសុខាភិបាលលេខ ៤៧១ សខល ចុះថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០២១
-សេចក្តីជូនដំណឹង លេខ១២៧៧ អបស/ឱអបស ចុះថ្ងៃទី ១២ ខែ មិនា ឆ្នាំ ២០២១
២.លក្ខខណ្ឌនៃការប្រើប្រាស់៖
ក. ប្រើតែក្នុងអំឡុងពេលគ្រោះអាសន្នសុខភាពសាធារណ:នៃជំងឺកូវីដ-១៩ ដែលកំពុងកើតមាននិងជា ជម្រើសនៃការព្យាបាលដែលស្ថិតក្រោមការស្រាវជ្រាវ និងវាយតម្លៃ។
ខ. ប្រើក្រោមអាទិភាពរបស់រាជរដ្ឋាភិបាលដូចមានចែងក្នុងផែនការដាក់ពង្រាយឱសថជាតិបច្ចុប្បន្ននិងក្រុម មនុស្សអាទិភាព។
៣.លក្ខខណ្ឌពិសេសសម្រាប់រាយការណ៍អំពីសុវត្ថិភាព និងគ្រប់គ្រងប្រតិកម្មរំខាន បន្ទាប់ពីការប្រើប្រាស់ឱសថ (ត្រូវអនុវត្តដោយអង្គ ភាពពាក់ព័ន្ធទាំងអស់ដែលមានកាតព្វកិច្ចអនុវត្តការព្យាបាលជំងឺកូវីដ១៩)៖
ក. នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង នឹងដឹកនាំអង្គភាពពាក់ព័ន្ធដទៃទៀតដើម្បីអនុវត្តផែនការ គ្រប់គ្រងហានិភ័យ ដោយផ្អែកលើ Risk Management Plan (RMP) ដែលផ្ដល់ដោយក្រុមហ៊ុន ឬអាចរកបានពី អង្គការសុខភាពពិភពលោក។
ខ. មណ្ឌលព័ត៌មានឱសថកម្ពុជានៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង និងអង្គភាពពាក់ព័ន្ធដទៃ ទៀតត្រូវរាយការណ៍អំពីប្រតិកម្មរំខាន និងតាមដានការប្រើប្រាស់ រួមទាំងកំណត់ត្រាលេខឡូតិ៍ដែលបានចែកចាយទៅទីកន្លែងព្យាបាល និងដែលបានផ្តល់ជូនអ្នកជំងឺ ។គ. ឱសថសម្រាប់ព្យាបាលត្រូវសហការជាមួយអង្គភាពដទៃទៀត ដើម្បីបង្កើនសមត្ថភាពគ្រប់គ្រងគ្លីនិកក្នុងការឆ្លើយតបបន្ទាន់ និងទាន់ពេលវេលាចំពោះប្រតិកម្មរំខានបន្ទាប់ពីប្រើប្រាស់ឱសថនេះ៕
ដោយ៖ សុខ ខេមរា