ព័ត៌មានទាន់ហេតុការណ៍៖

ឯកអគ្គរដ្ឋទូតចិនអញ្ជើញចូលរួមពិធីបើកវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិននៅកម្ពុជាឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើផេកផ្លូវការរបស់ខ្លួនថា នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិននៅកម្ពុជាឆ្នាំ២០២១តាមប្រព័ន្ធវីដេអូ។

ស្ថានទូតចិនប្រចាំកម្ពុជាបានបន្តថា កម្មវិធីខាងលើនេះត្រូវបានរៀបចំរួមគ្នាដោយក្រសួងវប្បធម៌និងទេសចរណ៍ចិន ក្រសួងទេសចរណ៍កម្ពុជា និងស្ថានទូតចិនប្រចាំកម្ពុជា។លោក Zhang Xu អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌និងទេសចរណ៍ចិន និងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងពិធីខាងលើ។ វគ្គបណ្តុះបណ្តាលលើកនេះមានរយៈពេលមួយខែ ដែលមានមុខវិជ្ជាសិក្សាក្រោមប្រធានបទពិសេសជាង១៧០ដងត្រូវបានធ្វើឡើងដោយសាស្ត្រាចារ្យជាន់ខ្ពស់មកពីប្រទេសចិន អ្នកឯកទេសវប្បធម៌ចិន-កម្ពុជា និងមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិនៅកម្ពុជា។ ជាមួយគ្នានេះ អ្នកបម្រើនិងអ្នកពាក់ព័ន្ធវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជាជិត១០០០នាក់បានចូលរួមវគ្គបណ្ដុះបណ្ដាលនេះផងដែរ៕

ដោយ៖ សិលា


ចែករំលែក៖