ភ្នំពេញ ៖ នាថ្ងៃពុធ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យគណៈប្រតិភូកាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយលោក វេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយគ្រួសារសព លោក ហេ កាន់ ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអតីត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ដែលបានទទួលមរណភាពនៅវេលាម៉ោង ១១ និង១១នាទី ព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោគាពាធ។ ពិធីបុណ្យនេះ ប្រព្រឹទ្ធទៅនៅគេហដ្ឋាន លេខ ២៩ ផ្លូវ ១០ ក្នុងបុរីអង្គភ្នំពេញ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នៅក្នុងមរណទុក្ខដ៏ក្តុកក្តួលនេះ លោកវេជ្ជ. អ៊ុយ សំអាត បានពាំនាំប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព ហើយចំពោះមរណភាពរបស់លោក ហេ កាន់ គឺជាការបាត់បង់ ឧត្តមស្វាមី បិតា ជីតា ជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហាធម៌ មានទឹកចិត្តសន្តោះប្រណីដ៏ថ្លៃថ្លា មិនតែប៉ុណ្ណោះក៏ជាការបាត់បង់ឥស្សរជនខ្មែរយ៉ាងសកម្មមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ។ លើសពីនេះទៀត លោក ធ្លាប់ដឹកនាំគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានី-ខេត្ត បន្សល់ទុកស្នាដៃ និងសមិទ្ធផល ដើម្បីបុព្វហេតុមនុស្សធម៌ជួយដល់ជនរងគ្រោះ និងងាយរងគ្រោះគ្រប់កាលៈទេសៈ។
ស្ថិតក្នុងមរណទុក្ខដ៏ក្រៀមក្រំនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសហការី សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោកទាំងអស់ សូមដួងវិញ្ញាណក្ខន្ធ លោក ហេ កាន់ បានទៅកាន់ក្នុងសុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ៖ សិលា