ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍រថយន្តតូយ៉ូតាព្រូសនិងហ៊ីយ៉ាន់ដាយបណ្ដាលឲ្យស្លាប់៣នាក់

ចែករំលែក៖

ខេត្តកំពង់ធំ៖ យ៉ាងហោចណាស់មនុស្ស៣នាក់ស្លាប់ភ្លាមៗយ៉ាងរន្ធត់ក្នុងរថយន្តតូយ៉ូតាព្រូសមួយគ្រឿង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ខណៈរថយន្តតូយ៉ូតាព្រូសបន្ថែមល្បឿនឡើងជែងរថយន្តមួយទៀតតែមិនផុតក៏ ជ្រុលទៅបុករថយន្តហ៊ីយ៉ាន់ដាយប្រភេទយីឌុបចំពីមុខក្នុងទិសដៅផ្ទុយគ្នាពេញទំហឹងលាន់សូរដូចរន្ទះនៅវេលាយប់រំលងអធ្រាត្រ។ 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅម៉ោង០០និង២០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៤ខែវិច្ឆិកា ឆ្នាំ២០២១នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ​១២៥-១២៦ ត្រង់ចំណុចភូមិត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ 

សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា  មុនពេលកើតហេតុគេឃើញរថយន្តតូយ៉ូតាព្រូសពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AC-8411បើកបរចេញពី ជើងទៅត្បូងក្នុងល្បឿនលឿន ស្របពេលនោះរថយន្តហ៊ីយ៉ាន់ដាយ ប្រភេទយីឌុបចេញពីត្បូងទៅជើងលុះដល់កន្លែង កើតហេតុរថយន្តព្រូសឡើងជែងរថយន្តមួយផ្សេង ទៀតតែមិនផុតក៏ជ្រុលល្បឿនទៅបុករថយន្តហ៊ីយ៉ាន់ដាយចំពីមុខពេញទំហឹងតែម្ដង។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្តាលឲ្យស្លាប់មនុស្ស០៣នាក់​ ខូចខាតរថយន្ត ០២គ្រឿង៖ ១-រថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AC-8411 បើកបរដោយឈ្មោះ វ៉ាត សំអេន ភេទប្រុស អាយុ ២៩ឆ្នាំ នៅភូមិសេរីរាជ្យ​ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍  ខេត្តកំពង់ធំ ស្លាប់កន្លែងកើតហេតុ និងអ្នករួមដំណេីរ ឈ្មោះ ម៉ិក វាសនា ភេទប្រុស អាយុ ២៩ឆ្នាំ នៅភូមិឈូកខ្សាច់ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ស្លាប់នៅកន្លែងកើតហេតុ និង អ្នករួមដំណើរឈ្មោះ ស៊ុន អៀម ភេទប្រុស អាយុ ៤១ឆ្នាំ នៅភូមិសេរីរាជ្យ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ខេត្តកំពង់ធំ ស្លាប់នៅកន្លែងកើយហេតុ។ ដោយឡែក រថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌ស ស្លាកលេខ​ក្បាល កំពង់ចាម 3A-2975 ស្លាកលេខរ៉ឺម៉ក 51R 09444 អ្នកបេីកបរមិនស្គាល់អត្ដសញ្ញាណ​ រត់គេចខ្លួនបាត់​បន្សល់ទុករថយន្តនៅកន្លែងកេីតហេតុ។ 

ក្រោយកើតហេតុ វត្តុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ដើម្បីទុកដោះស្រាយទៅតាមនីតិវិធី ។ ចំណែកសាកសពជនរងគ្រោះសាច់ ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ សូរិយា


ចែករំលែក៖