ចាប់តាំងពីឡាវដាក់បញ្ជូលបញ្ហាគ្រឿងញៀនទៅជាកម្មវិធីជាតិ តាំងពីខែសីហាឆ្នាំ២០២១មក ប្រទេសនេះចាប់បានគ្រឿងញៀនដល់ទៅជាង១០តោន។
សារព័ត៌មានVientiane Times នៅថ្ងៃទី៤ខែវិច្ឆិកា បានផ្សាយថា ក្នុងរយៈពេល៣ខែអនុវត្តកម្មវិធីជាតិកម្ចាត់គ្រឿងញៀន កម្លាំងសន្តិសុខប្រទេសនេះចាប់បានគ្រឿងញៀនរហូតដល់ទៅជាង១០តោន និងចាប់មនុស្សជាង១៥០០នាក់ ។ ក្នុងចំណោមគ្រឿងញៀនដែលចាប់បានមានម៉ាជាង១០០លានគ្រាប់ រួមជាមួយហេរ៉ូអុីនជាច្រើនទៀត។
គ្រឿងញៀនដែលចាប់បាននោះភាគច្រើនស្ថិតនៅខេត្ត Bokeo ក្នុងតំបន់ត្រីកោណមាស។ ក្នុងពេលជាមួយគ្នានោះដែរ ការចាប់បានគ្រឿងញៀននៅថ្ងៃទី២៧ខែតុលា ឆ្នាំ២០២១ ត្រូវបានការិយាល័យអង្គការសហប្រជាជាតិវាយតម្លៃថាមានទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានពីមុនមកក្នុងតំបន់អាស៊ី ដោយមានគ្រឿងញៀនដល់ទៅ១,៥តោន ប្រភេទម៉ាទឹកកក។
នាយករដ្ឋមន្ត្រីឡាវលោក Phankham Viphavanh បានប្រកាសនៅក្នុងកិច្ចប្រជុំរដ្ឋសភា ថានឹងបន្តសង្គ្រាមប្រឆាំងគ្រឿងញៀន ហើយនិងបន្តអនុវត្តគោលនយោបាយការបរទេសរបស់បក្សដើម្បីធានាដល់សន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់ក្នុងសង្គម៕ ដោយ៖ធីរីណា
រូបថត៖TTXVN-VNA