ព័ត៌មានទាន់ហេតុការណ៍៖

ហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកដែលកំពុងផ្សព្វផ្សាយ​លក់ផលិតផលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖យោងតាម ការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) មានគណនីចំនួន ៣ ដែលមានឈ្មោះដូចខាងក្រោម៖ ១-EK EyoBrows. ផ្លុំចិញ្ចើម ប៉ាក់ចិញ្ចើម ២-EK EyeBrows ៣-GM Permanerit Makeup Shopping/Cambodia កំពុង

ផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងម៉ាក GM PERMANENT MAKEUP និងPROAEGIS គ្មានលេខប្រវេទន៍ និងគ្មានច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។

អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថតម្រូវឱ្យល់ការចរាចរ ផលិតផលគ្រឿងសម្អាងគ្រប់ប្រភេទ ក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវមានលេខប្រវេទន៍ ទទួលស្គាល់ពីក្រសួងសុខាភិបាល។ ដូច្នេះ សូមប្រជាពលរដ្ឋមុននឹងទិញផលិតផលគ្រឿងសម្អាងគ្រប់ប្រភេទ សូមពិនិត្យមើលលតាបត្រប្រវេទន៍ ដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រប្រវេទន៍ត្រឹមត្រូវគឺមាន ២ផ្នែក ១-ផ្នែកខាងលើមានឈ្មោះគ្រឹះស្ថានអាហរ័ណ នីហរ័ណ ២-ផ្នែកខាងក្រោមមានលេខ ប្រវេទន៍ ដូចមានគំរូភ្ជាប់ជាមួយ។

ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬឈានដល់បាត់បង់អាយុជីវិតរបស់អ្នកប្រើប្រាស់ ទៀតនោះ ក្រសួងសុខាភិបាលសូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបញ្ឈប់ការប្រើប្រាស់ផលិតផលគ្រឿង សម្អាងដែលគ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាលខាងលើជាបន្តទៀត ព្រោះផលិតផលនេះពុំអាចធានាបាននូវគុណភាព និងសុវត្ថិភាពបានឡើយ។ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុកខាងលើ និងគណនីផ្សេងទៀត ដែលនាំចូល ចែកចាយ និងផ្សព្វផ្សាយលក់ផលិតផលខាងលើនេះ ទៅតាមច្បាប់ស្ដីពីច្បាប់វិសោធនកម្ម ច្បាប់ស្តីពីការគ្រប់គ្រងឱសថ ជាធរមាន។

ក្នុងករណីបងប្អូនបានប្រទះឃើញជនណាកំពុងលក់ និងចែកចាយនូវផលិតផលខាងលើនេះ សូមបងប្អូនប្រញាប់ផ្តល់ ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនងតាមរយៈលេខ ទូរស័ព្ទ៖ ០១២ ៣៥៥ ១៦១, ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០ ៕

ដោយ ៖ សិលា


ចែករំលែក៖