ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ លូ អញ្ជើញជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្រ្ដីរាជការ មេឃុំ និងកងកម្លាំងប្រដាប់អាវុធ នៃស្រុករុក្ខគិរី ខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្ដីរាជការ មេឃុំ និងកងកម្លាំងប្រដាប់អាវុធ នៃរដ្ឋបាលស្រុករុក្ខគិរី ខេត្តបាត់ដំបង ។ 

បន្ទាប់ពីនោះ លោកស្រី បិន ប៉ូឡែន អភិបាល នៃគណៈអភិបាលស្រុករុក្ខគិរី បានឡើងអានរបាយការណ៍ស្វាគមន៍ពីស្ថានភាពទូទៅរបស់រដ្ឋបាលស្រុក និងលទ្ធផលការងារដែលរដ្ឋបាលស្រុកបានសម្រេចបានកន្លងមក ។ 

លោក សុខ លូ បានមានប្រសាសន៍សំណេះសំណាលជាមួយមន្រ្ដីរាជការ មេឃុំ និងកងកម្លាំងប្រដាប់អាវុធ នៃរដ្ឋបាលស្រុករុក្ខគិរី ។ លោក បានមានប្រសាសន៍ ណែនាំដល់រដ្ឋបាលស្រុករុក្ខគិរី ពិនិត្យមើលសក្ដានុពលរបស់ស្រុកថាគួររកអីបន្ថែម ដែលមិនត្រូវពឹងផ្អែកតែវិស័យកសិកម្មតែមួយមុខឡើយ ពោលគឺត្រូវគិតគូរធ្វើឲ្យស្រុកទាក់ទាញវិនិយោគិនលើវិស័យឧស្សាហកម្ម វិស័យទេសចរណ៍ ទើបស្រុកមានការរីកចម្រើនឆាប់រហ័ស ។ 

លោក បានបញ្ជាក់បន្តទៀតថា រដ្ឋបាលស្រុកគួរពិនិត្យមើលលទ្ធភាព លុបបំបាត់ផ្លូវចាក់គ្រួសក្រហម តែងាកមកចាក់បេតុងវិញម្ដង ទោះបីត្រូវចំណាយច្រើន បានលទ្ធផលតិច តែគឺធានាឲ្យបាននូវការប្រើប្រាស់យូរអង្វែង ចំណេញថវិកាជាតិជាច្រើន ហើយត្រូវរៀបចំប្លង់មេឲ្យបានត្រឹមត្រូវត្រូវរៀបចំចំណីផ្លូវទុកឲ្យហើយ កុំឲ្យចាំត្រូវការចំណីផ្លូវ ត្រូវដេញអ្នករំលោភចំណីផ្លូវនាពេលក្រោយ ។ 

លោក បានធ្វើការណែនាំដល់រដ្ឋបាលស្រុក ក្នុងនាមគណៈបញ្ជាការឯកភាពស្រុក ត្រូវរៀបចំបញ្ជីទំនាស់ផ្សេងៗ ជូនរដ្ឋបាលខេត្ត ដើម្បីពិនិត្យមើលថា ទំនាស់ណាដែលស្រុកមិនទាន់ដោះស្រាយ ហើយបញ្ហាណាដែលត្រូវដោះស្រាយតាមបែបប្រព័ន្ធក្រៅតុលាការ និងត្រូវពន្លឿនការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ហើយត្រូវពង្រឹងនូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ បង្រ្កាបឲ្យបាននូវគ្រប់ករណី ដូចជាល្បែងស៊ីសង គ្រឿងញៀនជាដើម ដើម្បីធានាឲ្យបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងការបម្រើសេវាសាធារណៈជូនប្រជាពរដ្ឋប្រជាពលរដ្ឋ ឲ្យបានលឿន និងមានប្រសិទ្ធិភាពផងដែរ ។

លោក ក៏បានជំរុញឲ្យរដ្ឋបាលស្រុក រៀបចំឲ្យមាមប្រព័ន្ធទូរស័ព្ទ(hotline) សម្រាប់ឲ្យប្រជាពលអាចទំនាក់ទំនងសាកសួរព័ត៌ផ្សេងៗទាក់ទងនឹងព័ត៌មានកូវីដ-១៩ និងបន្តជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងកូវី-១៩ ឲ្យពួកគាត់បានទៅចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា ៕

ដោយ ៖ សិលា


ចែករំលែក៖