ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមុខសញ្ញាចោរលួចម៉ូតូយ៉ាងសកម្មម្នាក់នៅស្រុកកណ្ដាលស្ទឹង

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ជាមុខសញ្ញាលួចម៉ូតូយ៉ាហសកម្ម​ ត្រូវបានសមត្ថកិច្ចស្រុកកណ្ដាលស្ទឹង បន្ទាប់ពីជនសង្ស័យរូបនេះធ្វើសកម្មភាពលួចម៉ូតូរបស់ពលរដ្ឋនៅថ្ងៃទី០៤ ខែវិច្ឆិកា​ ឆ្នាំ២០២១​ វេលា​ម៉ោង០៦និង៣០នាទី​ នៅចំណុចភូមិ​ទ្រា​ ឃុំ​ទ្រា​​ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ​ ហឿន​ គន្ធា​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ មានទីលំនៅ​ភូមិ​ទ្រា​ ឃុំ​ទ្រា​ ស្រុក​ កណ្តាល​ស្ទឹង​ ខេត្ត​កណ្តាល​។ ចំណែកជនសង្ស័យ​មានគ្នា០២នាក់​ ទី១-ឈ្មោះ​ ផាត​ រ័ត្ន​ ភេទ​ប្រុស អាយុ​២៧ឆ្នាំ​ មានទីលំនៅ​ភូមិ​ឫស្សី​​ ឃុំ​ បារាយណ៍​ ក្រុង​ដូនកែវ ខេត្តតាកែវ​ ​(ឃាត់ខ្លួន​)
និងទី២-ឈ្មោះ​ ឡុង​ ​(គេចខ្លួន​)។ ដោយឡែកវត្ថុ​តាងចាប់​យករួមមាន៖ម៉ូតូ​មួយគ្រឿង​ម៉ាក​ សង់កូរ៉េ​ ពណ៌​ក្រហម​ គ្មាន​ស្លាកលេខ​ និងសម្ភារៈ​បាត់​បង់​រួម​មាន​៖ម៉ូតូ​មួយគ្រឿង​​ម៉ាក​ Honda​Dream​ C125 ស៊េរី​ឆ្នាំ​ ២០០៨​ ពណ៌​ ខ្មៅ​ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1AD 9196 ។
ប្រភពដដែលបន្តថា នៅថ្ងៃទី​០៤​ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០២១​ មុនពេល​កេីតហេតុ​ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​​ម៉ាក​ Honda​Dream​ C125 ស៊េរី​ឆ្នាំ​ ២០០៨​ ពណ៌​ ខ្មៅ​ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1AD 9196 ចេញ​ពី​ផ្ទះ​របស់​ខ្លួន​ស្ថិត​នៅ​ភូមិ​ទ្រា​ ឃុំ​ទ្រា​ ស្រុកកណ្តាល​ស្ទឹង​ ខណៈមកដល់​ចំនុច​កេីត​ហេតុ​ ​ជនរងគ្រោះ​បាន​ដាក់​ម៉ូតូ​ក្នុង​ដីឡូត៍​ជាប់​ប្រឡាយ​ រួច​ចុះទៅ​ក្នុង​វាលស្រែ​ដោះមងបាត់​ លុះ​ដល់ម៉ោង​កេីត​ហេតុ​ ជនរងគ្រោះ​បាន​ឃេីញ​ជនសង្ស័យ​ចំនួន​ពីរ​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ សង់កូរ៉េ​ពណ៌​ក្រហម​គ្មាន​ស្លាកលេខ​ បានធ្វើ​សកម្មភាព​លួច​ កាច់​កម៉ូតូ​របស់ជនរងគ្រោះ​ ភ្លាម​នោះ​ជនរងគ្រោះ​បានស្រែក​ថា​ចោរៗ​ រួចរត់ពីក្នុង​ស្រែដេញតាម​ ពេល​នោះ​ប្រជាពលរដ្ឋ​បាន​ជួយ​ឌុប​ជនរងគ្រោះ​តាមពីក្រោយ​ លុះ​ដល់​ចំណុច​ភូមិ​ព្រៃទទឹង​ ឃុំ​ ត្រពាំង​វែង​ កម្លាំងប៉ុស្តិ៍​នគរបាល​រដ្ឋ​ឃុំ​ថ្មី​ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលឃុំ​ ត្រពាំង​វែង​បាន​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​សួរ​នាំ​ដោយមាន​ការ​សង្ស័យ​ទេីប​បញ្ជូន​មកកាន់​អធិការ​ដ្ឋាន​នគរបាល​ស្រុកកណ្តាល​ស្ទឹង​ដេីម្បី​សាក់សួរ​បន្ត​។ ចំនែក​ជន​សង្ស័យឈ្មោះ​ ឡុង​ បាន​ជិះ​ម៉ូតូរបស់​ជនរងគ្រោះគេចខ្លួនបាត់។
តាមចម្លេីយ​សារភាព​របស់​ជនសង្ស័យ​បាន​សារភាព​ថា​ ខ្លួន​ និង​បក្ខពួក​ធ្លាប់​ធ្វើ​សកម្មភាព​លួច​ កាច់​កម៉ូតូ​នៅ​ស្រុក​កណ្ដាល​ស្ទឹង​ចំនួន​ ០២លេីក​ ដោយ​ក្នុង​មួយលេីកៗ​ ខ្លួន​បាន​ទទួល​លុយ​ ពីឈ្មោះ​ ឡុង​ ចំនួន​ពី​ប្រាំបី​មុឺន​ ទៅ​ដប់មុឺនរៀល។
​ បច្ចុប្បន្នជនសង្ស័យ​ កំពុង​ឃាត់នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុកកណ្តាល​ស្ទឹង​ដេីម្បី​កសាង​សំនុំរឿងតាម​នីតិវិធី​ច្បាប់៕

ដោយ៖ស្អាង ជ័យ


ចែករំលែក៖