ខេត្តតាកែវ ៖ យ៉ាងហោចណាស់ក៏មានមនុស្ស ២នាក់រងរបួសធ្ងន់និង៣នាក់របួសស្រាលនៅក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងរថយន្តហើយជ្រុលទៅបុកនិងម៉ូតូមួយគ្រឿងទៀត។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៦និង១០នាទី ថ្ងៃព្រហស្បតិ៍១៤រោចខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅលើផ្លូវលេខ២២ចន្លោះគីឡូម៉ែត្រលេខ០៥-០៦ក្នុងភូមិត្រពាំងគូរ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
សមត្ថកិច្ចបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងរវាងរថយន្តនិងរថយន្តហើយជ្រុលទៅបុកម៉ូតូមួយទៀតក្នុងទិសដៅបញ្ច្រាសទិសគ្នា។
សមត្ថកិច្ចបានបន្តទៀតថាមានរថយន្តមួយគ្រឿងម៉ាកតូយ៉ូតាហាយឡេនឌ័រពណ៌ទឹកប្រាក់ពាក់ស្លាកលេខបន្ទាយមានជ័យ2A-6569បើកបរដោយឈ្មោះហែម យ៉ាន ភេទប្រុសអាយុ ៦៣ឆ្នាំនៅភូមិស្តៅឃុំស្តៅស្រុករតនៈមណ្ឌលខេត្តបាត់ដំបងមុខរបរកសិករ(របួសស្រាល)មានអ្នករួមដំណើរក្នុងរថយន្តចំនួនពីរនាក់១-ឈ្មោះឈឹម ឡាវ ភេទស្រីអាយុ៦៤ឆ្នាំត្រូវជាប្រពន្ធអ្នកបើកបរ(របួសស្រាល)និងទី២-ឈ្មោះអ៊ុក អឹប ភេទស្រីអាយុ៥២ឆ្នាំត្រូវជាប្អូនអ្នកបើកបររថយន្តខាងលើ(របួសស្រាល)ដែលបើកបរមកពីទិសខាងលិចលុះបើកបរមកដល់ចំណុចខាងលើក៏បានឡើងវ៉ាងជែងរថយន្តមួយគ្រឿងហើយក៏ជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាកតូយ៉ូតាព្រូសពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2BL-9610បើកបរដោយឈ្មោះមុត សុធារិទ្ធភេទប្រុសអាយុ២៧ឆ្នាំនៅភូមិស្វាយទងឃុំខ្វាវស្រុកសំរោងខេត្តតាកែវមុខរបរបុគ្គលិកក្រុមហ៊ុន(របួសស្រាល)ដែលបើកបរមកពីទិសខាងកើតហើយរថយន្តម៉ាកហាយឡេនឌ័រដែលបើកបរមកពីទិសខាងលិចនោះបានជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅពាក់ស្លាកលេខតាកែវ1Y-5557បើកបរដោយឈ្មោះផាន ចន្ថាភេទប្រុសអាយុ២៧ឆ្នាំនៅភូមិត្នោតជុំ ឃុំសំបួរ ស្រុកទ្រាំងខេត្តតាកែវ មុខរបរកម្មកររោងចក្រ(រងរបួសធ្ងន់)ពាក់មួកសុវត្ថិភាពមានឌុបមនុស្សម្នាក់ពីក្រោយឈ្មោះហុី សុបិន្ត ភេទស្រីអាយុ២៩ឆ្នាំនៅភូមិឃុំជាមួយគ្នា(រងរបួសធ្ងន់)មុខរបរកម្មការិនីរោងចក្រមានពាក់មួកសុវត្ថិភាពដែលបើកបរមកពីទិសខាងកើត។ជនរងគ្រោះបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ ។រថយន្តនិងម៉ូតូខាងលើខូចខាតធ្ងន់ហើយត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់។
សមត្ថកិច្ចបានបន្តទៀតថាមូលហេតុបណ្តាលមកពីអ្នកបើកបររថយន្តម៉ាកហាយឡេនឌ័របើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់៕
ដោយ៖ ស សម