ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តសៀមរាប កាលពីរសៀលថ្ងៃទី៤ ខែវិច្ឆិកាឆ្នាំ ២០២១ បានស្រាវជ្រាវ និងចាប់ឃាត់ខ្លួនមន្ត្រីយោធាម្នាក់ ក្រោយពីបានធ្វើសកម្មភាពផ្ទុះអាវុធបង្កឱ្យភ្ញាក់ផ្អើលទាំងកណ្តាលយប់ ។
ករណីផ្ទុះអាវុធនេះកើតឡើងថ្ងៃទី៣ខែវិច្ឆិកា ឆ្នាំ២០២១ កាលពីវេលាម៉ោង១០យប់ត្រង់ចំណុចមុខភោជនីយដ្ឋាន ស្នាដៃម៉ែក្មេក៥ ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
ជនបង្កមានឈ្មោះ កែវ វី ភេទប្រុស អាយុ៣៧ឆ្នាំមុខរបរ ជាទាហានកងវិស្វកម្ម ក្រសួង ការពារជាតិ បច្ចុប្បន្ន រស់នៅភូមិទួលគោក ខណ្ឌទួលគោក រាជធានីភ្នំពេញ
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុឈ្មោះ កែវ វី ជាភ្ញៀវបានចូលមកផឹកសុីក្នុងហាងស្នាដៃម៉ែក្មេក៥។ពេលនោះ ឈ្មោះ កែវ វី មានទំនាស់ពាក្យសម្តី ជាមួយនារីជាសង្សារ ហើយនៅពេលចេញមកដល់មុខហាង កន្លែងចតម៉ូតូក៏បានដកកាំភ្លើងខ្លីម៉ាកG Lock ១៩ ពីចង្កេះ បាញ់ភ្ញច់ដី ០១គ្រាប់ ហើយឡើងជិះរថយន្ត ជាមួយមិត្តភក្តិគេចខ្លួនបាត់ទៅ។ ចំណែកនារីជាសង្សារបានជិះម៉ូតូតាមពីក្រោយចេញទៅបាត់ដែរ ខណ:នៅក្នុងហាងនេះភ្ញៀវកំពុងផ្អើលឈូរឆរ។
តាមចម្លើយរបស់ ឈ្មោះ កែវ វី ថា រូបគាត់ជាទាហាន កងវិស្វកម្ម ក្រសួងការពារជាតិ ដោយចុះបេសកកម្ម មកធ្វើផ្លូវក្នុងខេត្តសៀមរាប បានរយៈពេល ០៣ថ្ងៃហើយ។ នៅវេលាម៉ោង៩យប់ ថ្ងៃទី០៣ ខែវិច្ឆិកា រូបគាត់និងសង្សារ ឈ្មោះ
ឈ. ច.ឌ ភេទស្រី២៧ឆ្នាំ បានជិះម៉ូតូ ទៅផឹកស៊ីជាមួយមិត្តភក្តិនៅហាងម៉ែក្មេក៥។ លុះចេញមកវិញ ដើរមកកន្លែងចតម៉ូតូ បំណងទៅដេក តែដោយពេលនោះ ខ្លួនគាត់បានហៅឲ្យសង្សារឡើងជិះម៉ូតូ ប៉ុន្តែសង្សារមិនព្រមទៅ ទើបពេលនោះមានទំនាស់ពាក្យសម្តីនឹងគ្នា រួចខ្លួនខឹងក៏បានដកកាំភ្លើងបាញ់ខ្លីបាញ់ ០១គ្រាប់ ផ្ទុបទៅនឹងដីដើម្បីគំរាម ហើយក៏ឡើងជិះរថយន្ត ជាមួយមិត្តភក្តិ ម៉ាកឡិចសុីស570 ពណ៌ខ្មៅស្លាកលេខ រដ្ឋ06.2-9998 គេចខ្លួនបាត់។
ប្រភពដដែលបានឲ្យដឹងទៀតថាករណីនេះសមត្ថកិច្ច បានតាមស្រាវជ្រាវហើយឈានដល់ឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបអនុវត្តតាមផ្លូវច្បាប់៕
ដោយ ៖ ប្រាថ្នា