ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តខ្វះការប្រុងប្រយ័ត្នរេចង្កូតបុករថយន្តមួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តដឹកម៉ាសុីនខ្យល់មួយគ្រឿងខ្វះការប្រុងប្រយ័ត្នរេចង្កូតជ្រុលទៅបុករថយន្តមួយគ្រឿងទៀតដែលចតនៅចិញ្ចើមផ្លូវបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍ថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៤០នាទីយប់ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ២០១១ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តព្រូសមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2AW. 5496បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនឹងគ្រួសារធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង រួចក៏បានចតនៅចិញ្ចើមផ្លូវចុះទៅទិញម្ហូបយកទៅផ្ទះ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកហុីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខភ្នំពេញ2BK.7821បើកបរដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាសទិសគ្នា ដោយខ្វះការប្រុងប្រយ័ត្នបានរេចង្កូតជ្រុលទៅបុករថយន្តព្រូសពេញទំហឹងបណ្ដាលឲ្យរងការខូចខាតរថយន្តទាំងពីរគ្រឿងផ្នែកខាងមុខយ៉ាងដំណំ តែសំណាងល្អក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្ដាលឲ្យមានអ្នកណារបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដោយភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាមិនត្រូវ ទើបសមត្ថកិច្ចធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់ ៕

ដោយ៖ និន សុភ័ស្ត


ចែករំលែក៖