ភ្នំពេញ ៖ រថយន្ត4RUNNERមួយគ្រឿងរងការខូចខាតយ៉ាងដំណំ ខណៈដែលធ្វើដំណើរត្រឡប់ទៅផ្ទះស្រាប់តែត្រូវរថយន្តមួយគ្រឿងទៀតម៉ាកFORD RANGERបុកពេញទំហឹងហើយរថយន្តបង្កបើករត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែស្លាកលេខរថយន្តនៅកន្លែងកើតហេតុ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង០០នាទីយប់ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវR8 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក4RUNNERពណ៌ទឹកប្រាក់ស៊េរីចាស់ពាក់ស្លាកលេខសៀមរាប2A 3895បើកបរដោយបុរសម្នាក់ នឹងរួមដំណើរដោយបុរសម្នាក់ទៀតដែលធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ត្រង់ចំណុចកើតហេតុផ្លូវបែកជាបួន ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកFORD RANGERពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2AQ.2335បើកបរដោយបុរសម្នាក់ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្ត4RUNNERពេញទំហឹងបណ្ដាលឲ្យរថយន្ត4RUNNERវិល២ ទៅ៣ជុំរួចបន្តទៅបុកផ្ទប់នឹងជញ្ជាំងដីឡូត៍មួយកន្លែងរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្ក បានបន្តដំណើររត់គេចខ្លួនបាត់ស្រមោល បន្សល់តែស្លាកលេខនៅកន្លែងកើតហេតុ តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នកណារងរបួសនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះធ្វើការវាស់វែងយករថយន្តនិងស្លាកលេខរថយន្តបង្ករទៅរក្សាទុករង់ចាំធ្វើការស្រាវជ្រាវរករថយន្តបង្កមកធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់ ៕
ដោយ៖ និនសុភ័ស្ត