ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកឡើងថា, ដើម្បីសម្រេចឱ្យបានចក្ខុវិស័យស្ដីពីប្រព័ន្ធស្បៀងឆ្នាំ២០៣០ ដែលផ្តល់នូវសន្តិសុខស្បៀងនិង អាហារូបត្ថម្ភសម្រាប់មនុស្សគ្រប់រូប គិតគូរពីចីរភាពសេដ្ឋកិច្ច ចីរភាពសង្គម និងចីរភាពបរិស្ថាន រាជរដ្ឋាភិបាល បានដាក់ចេញនូវអាទិភាពចំនួន ៤ ដូចខាងក្រោម៖
ទី១- ការលើកកម្ពស់របបអាហារសុខភាពសម្រាប់ទាំងអស់គ្នា ដើម្បីបំបែកវដ្តអន្តរជំនាន់នៃបញ្ហា អាហារូបត្ថម្ភ រាជរដ្ឋាភិបាលនឹងបន្តខិតខំធ្វើការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីធានាឱ្យមានរបបអាហារសុខភាព និងអាហារសុវត្ថិភាព ងាយស្រួលអាចរកបាន ដើម្បីឆ្លើយតបចំពោះបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់។ ដើម្បីធ្វើ ឱ្យសម្រេចគោលដៅនេះ ទាមទារឱ្យមានការធ្វើសកម្មភាពជាពហុវិស័យ តាមរយៈការផ្ដល់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ការពង្រីកការទទួលបានសេវាសុខភាពនិងសេវាអាហារូបត្ថម្ភ ជាពិសេសសម្រាប់ម្ដាយ និង កុមារអាយុក្រោមពីរឆ្នាំ ដោយផ្តោតលើការជំរុញការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ ព្រមទាំង ផ្តល់អាហារបន្ថែមចម្រុះមុខដល់ទារកនិងកុមារតូចឱ្យបានគ្រប់គ្រាន់ និងការបង្កើនរបបអាហារចម្រុះសម្រាប់ ម្តាយ ការបង្កើតឱកាសការងារ ការលើកកម្ពស់ចំណេះដឹងអ្នកប្រើប្រាស់និងការអប់រំ ការធ្វើទំនើបកម្មវិស័យ កសិកម្មនិងខ្សែច្រវាក់តម្លៃស្បៀង រួមមាន ការបញ្ចូលមីក្រូសារជាតិទៅក្នុងអាហារ ការធ្វើពិពិធកម្មគ្រប់មុខ ដំណាំប្រកបដោយបរិយាប័ន្ននិងការប្រកួតប្រជែង ការផ្គត់ផ្គង់ទឹកស្អាត អនាម័យ និងការរៀបចំទម្លាប់រស់នៅ ប្រកបដោយអនាម័យ តាមរយៈការលើកកម្ពស់ការយល់ដឹង និងការពង្រឹងគុណភាពប្រព័ន្ធនានា ដូចជា ប្រព័ន្ធកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម សុខាភិបាល បរិស្ថាន និងប្រព័ន្ធគាំពារសង្គម។
ទី២- ការលើកកម្ពស់ភាពអង់អាចរបស់យុវជន ស្រ្តី និងជនងាយរងគ្រោះ រាជរដ្ឋាភិបាលនឹងបន្ត អនុវត្តសកម្មភាពលើកកម្ពស់សមភាពយេនឌ័រ បង្កើតការងារសមរម្យ អភិវឌ្ឍន៍សហគ្រិន និងផ្តល់ឱកាសការងារ ដល់យុវជន ស្រ្តី និងជនងាយរងគ្រោះ និងផ្ដល់ឱកាសសម្រាប់យុវជនចូលរួមក្នុងកិច្ចសន្ទនាគោលនយោបាយ ជំរុញការប្រើប្រាស់ប្រព័ន្ធឌីជីថល ការស្រាវជ្រាវនិងការអភិវឌ្ឍ នវានុវត្តន៍ និងគាំទ្រដល់ជនងាយរងគ្រោះ យុវជន និងស្ត្រីដែលជាម្ចាស់សហគ្រាសខ្នាតតូចនិងមធ្យម និងពង្រឹងនិងពង្រីកកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ការអប់រំ ក្នុងនិងក្រៅប្រព័ន្ធ និងសមាគមយុវជននិងសមាគមស្ត្រី ដើម្បីឆ្លើយតបទៅនឹងប្រព័ន្ធស្បៀងដែលកំពុងមាន ការផ្លាស់ប្ដូរ និងការអភិវឌ្ឍរបស់ប្រទេសជាតិ។
ទី៣- ការពង្រឹងភាពធន់លើមុខរបរចិញ្ចឹមជីវិតនិងប្រព័ន្ធស្បៀង ដើម្បីឆ្លើយតបទៅនឹងវិបត្តិនិងបញ្ញ នានាដែលអាចកើតឡើងនៅពេលអនាគត រាជរដ្ឋាភិបាលនឹងបន្តធ្វើសកម្មភាព ដើម្បីដោះស្រាយភាពងាយ រងគ្រោះនិងកាត់បន្ថយភាពក្រីក្រ ពង្រឹងភាពធន់របស់តួអង្គពាក់ព័ន្ធ ពង្រឹងបណ្តាញការងារនិងហេដ្ឋារចនាសម្ព័ន្ធ នានា ដើម្បីគាំទ្រដល់មុខរបរចិញ្ចឹមជីវិតនិងប្រព័ន្ធស្បៀង។ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រដល់សហគមន៍ជនជាតិ ដើមភាគតិច យុវជន ស្រ្តី កសិករខ្នាតតូច និងសហគ្រាសខ្នាតតូចនិងមធ្យម ក្នុងវិស័យផលិតកម្មនិងការក ច្នៃស្បៀងអាហារ ដើម្បីពង្រឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទសម្រាប់បង្កើនភាពធន់។ លើសពីនេះ រាជរដ្ឋាភិបាលនឹងបន្តប្រើប្រាស់ប្រព័ន្ធស្បៀងបម្រុងកម្ពុជា កម្មវិធីជំនួយសង្គម អនុវត្តគោលការណ៍សុខភាពតែមួយ (One-Health) ដើម្បីឆ្លើយតបទៅនឹងវិបត្តិនានា។
ទី៤- ការពង្រឹងអភិបាលកិច្ចដើម្បីធ្វើឱ្យប្រព័ន្ធស្បៀងកាន់តែមានបរិយាប័ន្ន រាជរដ្ឋាភិបាលនឹងបន្ត រៀបចំកិច្ចសន្ទនា ការសម្របសម្រួល និងការសហការជាមួយនឹងគ្រប់តួអង្គពាក់ព័ន្ធទាំងនៅថ្នាក់អន្តរជាតិ ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិនិងសហគមន៍ ព្រមទាំងពង្រឹងកិច្ចសហការរវាងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍ សង្គមស៊ីវិល វិស័យឯកជន សហគមន៍កសិករ និងគ្រឹះស្ថានសិក្សានានា ដើម្បីធ្វើឱ្យប្រព័ន្ធស្បៀងកាន់តែមានបរិយាប័ន្ន ឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ ពិសេសជនងាយរងគ្រោះនិងជនជាតិដើមភាគតិច។ រាជរដ្ឋាភិបាល នឹងបន្តរៀបចំបង្កើត និងពង្រឹងក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភថ្នាក់ រាជធានីខេត្ត រៀបចំទិវាអាហារូបត្ថម្ភថ្នាក់ក្រោមជាតិ និងរៀបចំបង្កើតក្រុមយុវជនជើងឯកអាហារូបត្ថម្ភ។ ទន្ទឹមនោះ ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវបន្តពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តនិងស្តង់ដាដែលមានស្រាប់ ពាក់ព័ន្ធនឹងការគ្រប់គ្រងសុវត្ថិភាពនិងគុណភាពស្បៀង និងជំរុញការអនុម័តច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ដើម្បីលើកកម្ពស់អភិបាលកិច្ចក្នុងប្រព័ន្ធស្បៀង៕
ដោយ៖ សុខ ខេមរា