ព័ត៌មានទាន់ហេតុការណ៍៖

ពិធីសំណេះសំណាលនិងធ្វើការជ្រើសរើសបេក្ខជនឈរឈ្មោះបោះឆ្នោតជាក្រុមប្រឹក្សាឃុំសង្កាត់ស្វាយតឿក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ជុកមុន្នី  រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងស្វាយរៀង និងលោក ហុងឡុង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ស្វាយតឿ បានអញ្ជើញជួបសំណេះសំណាលនិងធ្វើការជ្រើសរើសបេក្ខជនឈរឈ្មោះបោះឆ្នោតជាក្រុមប្រឹក្សាឃុំសង្កាត់ស្វាយតឿក្រុងស្វាយរៀង នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកាឆ្នាំ២០២១ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ស្វាយតឿ។

ក្នុងឱកាសនោះក៏មានការចូលរួមពីសំណាក់ លោក សរ សុដានីអភិបាលរងក្រុងស្វាយរៀងលោកប្រធានអនុប្រធានលោកលោកស្រីក្រុមការងារនិងសមាជិកក្រុមការងារបក្សចុះជួយភូមិទាំង៧។

លោក ហុងឡុង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ស្វាយតឿបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខនិងនឹករលឹកពីសំណាក់លោកស្រីកត្តិសង្គហបណ្ឌិតម៉ែនសំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀងដល់សមាជិកសមាជិកាបក្សភូមិសង្កាត់ផងដែរ។

លោកបន្តថា ការជ្រើសរើសបេក្ខជនឈរឈ្មោះបោះឆ្នោតជាក្រុមប្រឹក្សាឃុំគ្រួសនាពេលនេះ គណបក្សប្រជាជនកម្ពុជាយើងបានចាត់ទុកជាកិច្ចការសំខាន់ណាស់ គឺជាកត្តាកំណត់ក្នុងយុទ្ធនាការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់គណបក្សដោយហេតុថាមានធនធានមនុស្សប្រកបដោយសមត្ថភាពក្នុងកិច្ចការពារសន្តិភាពឱ្យបានគង់វង្សស្ថិតស្ថេរដើម្បីអភិវឌ្ឍភូមិឃុំយើងឲ្យកាន់តែរីកចម្រើន។

ក្នុងឱកាសនោះ លោក ជុកមុន្នី  រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងស្វាយរៀង បានសំណូមពរចំពោះអស់លោកលោកស្រីដែលជាអ្នកបោះឆ្នោតនាឱកាសនេះសូមមេត្តាពិនិត្យពិចារណាចំពោះបេក្ខជនទាំងអស់ ហើយសម្រេចយកបេក្ខជនឈរឈ្មោះណាដែលខ្លួនស្រឡាញ់ យល់ឃើញថាជាមនុស្សឆ្នើមអាចជឿទុកចិត្តបាន ហើយជ្រើសរើសអ្នកដែលបាននិងកំពុងធ្វើជាក្រុមប្រឹក្សាឃុំផងបច្ចុប្បន្នជាយុវជនជាយុវនារីអាយុចាប់ពី ២៥ឆ្នាំដល់៤៥ឆ្នាំផងដែរ ជាមន្ត្រីបានចូលនិវត្តន៍ផងនិងជាព្រឹទ្ធាចារ្យក្នុងភូមិឃុំសង្កាត់យើងផង ពោលគឺមានវ័យចំណាស់ មានវ័យក្មេង និងមានស្ត្រីផងដែរ ។

លោក សរសុដានី ក៏បានបង្រៀនពីបៀបគូសសន្លឹកឆ្នោត៖ មុនបង្អស់សូមមេត្តាពិនិត្យសន្លឹកឆ្នោតគឺសន្លឹកឆ្នោតដែលបោះត្រាគណបក្សឃុំសង្កាត់ជាសម្គាល់។

បន្ទាប់មកផ្ទៀងផ្ទាត់ឈ្មោះនិងរូបថតបេក្ខជនឱ្យបានច្បាស់លាស់ រួចគូសគាំទ្រក្នុងគំនូសបួនជ្រុងតូចតាមចំនួននៃការកំណត់ខាងលើ ហើយយកទៅដាក់ក្នុងប្រអប់ឆ្នោតនៅខាងមុខតែម្ដង។

ក្នុងការបោះឆ្នោតស្ទាបស្ទង់នេះអនុញ្ញាតឱ្យសាកសួរគណៈអធិបតីនូវចម្ងល់ឬភាពមិនច្បាស់លាស់នូវខ្លឹមសារខាងលើឬអាចប្ដូរសន្លឹកឆ្នោតវិញបានក្នុងករណីគាំទ្រខុសឬសន្លឹកឆ្នោតរហែកឬប្រឡាក់ មិនអនុញ្ញាតឲ្យចូលជជែកសាកសួរគ្នាអំពីការគូសគាំទ្របេក្ខជនឡើយ ហើយក៏មិនអនុញ្ញាតឲ្យប្រើទូរស័ព្ទទាក់ទងដើម្បីចង់ដឹងការផ្ដល់យោបល់អំពីការគាំទ្របេក្ខជនណាម្នាក់នោះឡើយ។

លោកបន្តថា  លោកជឿជាក់ទាំងស្រុងចំពោះអស់លោកលោកស្រីជាអង្គបោះឆ្នោតស្ទាបស្ទង់ប្រាកដជាជ្រើសរើសបាននូវបេក្ខជនឆ្នើមពិតប្រាកដសម្រាប់ឈរឈ្មោះបោះឆ្នោតឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខនេះ ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖