ព័ត៌មានទាន់ហេតុការណ៍៖

ទំនិញពុំមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ប្រមាណជិត ៥០តោន ត្រូវបានមន្រ្តីអគ្គនាយកដ្ឋានក.ប.ប. ធ្វើការបំផ្លាញចោល

ចែករំលែក៖

ភ្នំពេញ៖ ដោយទទួលបានការឯកភាពពីឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ មន្រ្តីអគ្គនាយកដ្ឋានក.ប.ប. ប្រចាំរាជធានីភ្នំពេញ បាននាំយកផលិតផលក្លែងក្លាយ មានសារធាតុពុល និងទំនិញខូចគុណភាពសរុបប្រមាណ ៤៩តោន ៩៨៦គីឡូក្រាម   ដែលមន្រ្តីសាខាក.ប.ប. រាជធានីភ្នំពេញបង្ក្រាបបានក្នុងរយៈពេលកន្លងមកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងនៅរសៀលថ្ងៃសៅរ៍​ ខែវិច្ឆិកា​ ឆ្នាំ​២០២១។ 

ក្នុង​ពិធីនេះ​ ដោយ​មានការចូលរួមពីមន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌដង្កោផងដែរ។ ចំណែក​ទំនិញទាំងនោះមានដូចជា៖

– ផលិតផលអាល់កុលក្លែងក្លាយ ឬមេតាណុលចំនួន ៤៥ ៣៥៣លីត្រ ។ 

-ស្រាស និងស្រាទំពាំងបាយជូ ដែលរឹបអូសបានក្នុងករណីពុលស្រា បណ្តាលឱ្យស្លាប់បាត់បង់ជីវិតមនុស្ស៣នាក់ នៅរាជធានីភ្នំពេញ ចំនួន៣៤៧យួរ និង៧៦ ប៊ីដុង ស្មើ ៤ ២៧៥ លីត្រ។ 

-ផលិតផលម្ហូបអាហារខូចគុណភាព ដែលរឹបអូសបានពីបណ្តាទីផ្សារនិងឃ្លាំងស្តុកទំនិញ ចំនួន ៣៥៨គីឡូក្រាម។ 

សូមជម្រាបដែរថា​ មន្ត្រីក.ប.ប.​ កាលពីថ្ងៃទី៥​ ខែវិច្ឆិកា កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ​ ក្រោយពីបានបន្តចុះត្រួតពិនិត្យទំនិញតាមបណ្ដាផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ​ និងខេត្តបន្ទាយមានជ័យ ក៏បានរកឃើញនូវទំនិញ​មួយចំនួន​ ដូចជា៖​ ភេសជ្ជកំប៉ុង នំនិងស្ករគ្រាប់ ម្សៅទឹកដោះគោ​ និងម្ហូបអាហារវេចខ្ចប់ស្រាប់​ ដែលខូចគុណភាព​ ឬហួសកាលបរិច្ឆេត​ប្រេីប្រាស់​ សរុបចំនួន ១២៧.៧០គីឡូក្រាម។ 

បន្ទាប់​ពីរកឃើញទំនិញខាងលើ មន្ត្រីជំនាញបានដកហូតយកមករក្សាទុកដើម្បីធ្វើការកម្ទេចចោល។ រីឯម្ចាស់ទំនិញត្រូវបានមន្ត្រីមានសមត្ថកិច្ចធ្វើការពិន័យអន្តរការណ៍ និងណែនាំឱ្យបញ្ឈប់ការដាក់តាំងលក់ទំនិញមិនអនុលោមដែលធ្វើឱ្យប៉ះពាល់សុខុភាពសាធារណៈ៕

ដោយ​៖សហការី​


ចែករំលែក៖